ជាថ្មីម្ដងទៀត សមាជិកក្រុមចម្រៀង BTS, Jin បានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួន ខណៈដែលផលិតផលរបស់ម៉ាក Gucci ជាច្រើនត្រូវដាច់ស្តុក បន្ទាប់ពីតារារូបនេះបានក្លាយជាទូតសុច្ឆន្ទៈ។


កាលពីដើមខែសីហាកន្លងទៅនេះ ក្រុមហ៊ុនផលិតផលប្រណីតរបស់អ៊ីតាលី Gucci បានប្រកាសតែងតាំងតារាចម្រៀងកូរ៉េ Jin ជាទូតសុច្ឆន្ទៈថ្នាក់សាកលលោករបស់ខ្លួន ព្រមជាមួយរូបថតដែលសមាជិក BTS រូបនេះតុបតែងខ្លួនជាមួយ Collection ថ្មីរបស់ Gucci ។
ការប្រកាសនេះបានបង្កឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ដោយនៅប្រទេសជប៉ុន វិបសាយរបស់ Gucci បានគាំងបណ្ដោះអាសន្នដោយសារមានអ្នកចូលមើលច្រើនពេក ហើយនៅសហរដ្ឋអាមេរិក ឈ្មោះរបស់តារាវ័យ ៣១ឆ្នាំរូបនេះបានក្លាយជាប្រធានបទដែលគេ Search មើលច្រើនបំផុត។
លើសពីនេះមកដល់ពេលនេះក៏មានសេចក្ដីរាយការណ៍ថា ខ្សែកខ្សែតូចតម្លៃប្រហែល ៥៧០ ដុល្លារ និងក្រវិលរូបអក្សរ G ដែលតារាចម្រៀងរូបនេះពាក់ថតបានលក់ដាច់ស្តុកភ្លាមៗក្នុងប្រទេសកូរ៉េខាងត្បូង។ នៅសហរដ្ឋអាមេរិក ខ្សែកម៉ូដច្រវ៉ាក់ដែលតារារូបនេះពាក់ថតមានតម្លៃប្រមាណ ១៦២០ ដុល្លារក៏បានលក់ដាច់ស្តុកដូចគ្នា។ សូម្បីតែអាវរងាមានតម្លៃ ១៩៤០ ដុល្លារ និងកាបូបស្ពាយខាងក្រោយរបស់ Gucci មានតម្លៃរហូតដល់ ៣០៥០ ដុល្លារក៏ត្រូវបានលក់ដាច់ស្តុកអស់ដូចគ្នាក្នុងប្រទេសជប៉ុន ដោយសារតែឥទ្ធិពលផ្សព្វផ្សាយរបស់ Jin។

ទន្ទឹមនឹងការលក់ផលិតផលដាច់ដូចព្យុះ ការប្រកាស Jin ជាទូតសុច្ឆន្ទៈក៏បានបំបែកកំណត់ត្រាជាច្រើននៅលើបណ្ដាញសង្គមនានារបស់ Gucci ផងដែរ។ ជាក់ស្ដែងការបង្ហោះអំពី Jin លើបណ្ដាញសង្គម X របស់ Gucci បានទទួលការចុច Like ដល់ 112k like ល្មមបំបែកកំណត់ត្រាចាស់កាន់កាប់ដោយ Harry Styles ដែលទទួលបានការ like ចំនួន 111k ខណៈនៅលើ Instagram របស់ Gucci ដូចគ្នា ការបង្ហោះអំពី Jin ទទួលបានការចុច Like ដល់ 3.5 លាននិងមានការ Comment ដល់ជាង ៤ម៉ឺន ដែលអាចបំបែកកំណត់ត្រាចាស់របស់ Kendall Jenner ដែលទាក់ទាញការចុច like បាន 1.6 លាន៕





Account
Security
Favourite Content