ទោះបញ្ហាទំនាស់តាមផ្លូវច្បាប់រវាង NewJeans និង ADOR នៅមិនទាន់ឃើញកោះត្រើយក្ដី កាលពីថ្ងៃទី១០ ខែមិថុនានេះ ក្រុមចម្រៀងនារីខេប៉ុបមួយនេះបានបង្ករការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រ តាមរយៈការប្រកាសពីគម្រោងបញ្ចេញមាតិកាថ្មីនៅលើកម្មវិធីយូធូប។

សេចក្ដីប្រកាសខាងលើនេះ បានផ្សព្វផ្សាយនៅលើកម្មវិធីសម្រាប់ទាក់ទងជាមួយនឹងអ្នកគាំទ្រផ្ទាល់ខ្លួន គឺ Phoning ដោយ NewJeans បានបញ្ជាក់ថា មាតិកាថ្មីនេះនឹងចាក់ផ្សាយនៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ៧យប់ ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះបីជាព័ត៌មានលម្អិតជាក់លាក់នៅតែស្ថិតក្រោមការបិទបាំងក៏ដោយ ប៉ុន្តែអ្នកគាំទ្រកំពុងភ្ញាក់ផ្អើលជាមួយការប្រកាសនេះ ដោយអ្នកខ្លះបានរំពឹងថា មាតិកាថ្មីខាងលើប្រហែលជាទាក់ទងនឹងសកម្មភាពក្រៅឆាក Vlog ឬវីដេអូពីសកម្មភាពរបស់សមាជិកទាំង៥ មុនពេលដែលបញ្ហាទំនាស់រវាងភាគីទាំងពីរផ្ទុះឡើង។ នេះបើផ្អែកតាមការសង្កេតរបស់ Kbizoom។

ការបញ្ចេញនូវមាតិកាថ្មី ស្របពេលដែលជម្លោះផ្លូវច្បាប់ទាក់ទងនឹងកិច្ចសន្យាផ្ដាច់មុខនៅមិនទាន់បានដោះស្រាយនៅឡើយ ថែមដោយការហាមឃាត់ការងារឯករាជ្យរបស់ក្រុមទៀត ប្រភពដដែលបានរាយការណ៍ថា នេះអាចជាយុទ្ធសាស្ត្ររបស់ ADOR ដើម្បីផ្សះផ្សាទំនាក់ទំនងរវាង NewJeans និងក្រុមអ្នកគាំទ្រ ជាផ្នែកមួយនៃគម្រោងចរចាជាមួយនឹងក្រុម។
គួររំឭកផងដែរថា នៅក្នុងសវនាការលើកទី២ កាលពីដើមខែនេះ ម្ចាស់បទ Hybe Boy នៅតែប្រកាន់ជំហរមិនព្រមវិលត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារវិញ ក្រោយហេតុផលថា បាត់បង់ទំនុកចិត្តជាគោល។ យ៉ាងណាមិញ រឿងក្ដីនេះនឹងត្រូវលើកយកមកពិចារណាជាថ្មីនៅក្នុងសវនាការលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ៕
























Account
Security
Favourite Content