កាលពីចុងឆ្នាំ ២០២២ ផលិតកម្ម YG បានប្រកាសពីគម្រោងបញ្ចេញក្រុមចម្រៀងនារីថ្មីរបស់ខ្លួន បន្ទាប់ពីអស់រយៈពេលជិត ៧ ឆ្នាំទៅហើយមិនទាន់មានក្រុមចម្រៀងនារីថ្មីចូលមកប្រកួតប្រជែងក្នុងទីផ្សារ។
ក្រុមចម្រៀងដែលផលិតកម្ម YG គ្រោងបញ្ចេញមកមានឈ្មោះថា Baby Monster និងមានសមាជិកចំនួន ៧ រូប ដោយក្នុងនោះមានដូចជា Haram, AnYeon, ChiQuiTa, ASA, RORA, Pharita និង Ruka។ មុនចេញជាផ្លូវការសមាជិកទាំងអស់ត្រូវបានផលិតកម្ម YG ណែនាំម្ដងម្នាក់តាមរយៈវីដេអូច្រៀង រាំ និងរ៉េប។ មែនទែនទៅ ទេពកោសល្យរបស់សមាជិកម្នាក់ៗ ពិតជាមិនធម្មតា មិនសរសើរមិនបាន ខណៈ ASA ថែមទាំងមានសមត្ថភាពអាចសរសេរ និងនិពន្ធបទចម្រៀងទៀតផង។

តែយ៉ាងណាមិញវីដេអូចុងក្រោយដែលផលិតកម្ម YG បង្ហោះទាក់ទិនទៅនឹងក្រុមចម្រៀងមួយនេះ បែរជាស្រាប់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងសឹងតែមិនគួរឱ្យជឿ ដោយសារតែពាក្យពេចន៍ខ្លឹមសារមួយចំនួនៗ បានឱ្យដឹងថា ក្រុមចម្រៀងថ្មីមួយនេះអាចនឹងមិនបានចេញច្រៀងជាមួយសមាជិកចំនួន ៧ រូបឡើយ។ ដោយលោក Yang HyunSuk ដែលជាអ្នកគ្រប់គ្រងក្រុមចម្រៀងនារីថ្មីមួយនេះ បានលើកឡើងថា៖ “ក្រុមចម្រៀង Baby Monster មិនអាចមានសមាជិករហូតដល់ទៅ ៧ នាក់ឡើយ និងមានសមាជិកដែលមានសមត្ថភាពមិនទាន់គ្រប់គ្រាន់នៅឡើយ”។
គ្រានតែវីដេអូនេះបានបង្ហោះជាផ្លូវការភ្លាមក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម និងត្រូវបានគេរិះគន់យ៉ាងព្រោងព្រាតដោយសារតែមហាជនមួយចំនួនលើកឡើងថាវាគ្រាន់តែជាយុទ្ធសាស្រ្ដសម្រាប់ផ្សព្វផ្សាយធ្វើឱ្យមនុស្សកាន់តែចាប់អារម្មណ៍អាណិតមកតាមដានក្រុមចម្រៀងថ្មីមួយនេះប៉ុណ្ណោះ ខណៈវាពិតជាគំនិតចាស់គំរិលមិនសមថាយកមកប្រើប្រាស់នៅសម័យនេះទៀតឡើយ។ ផលិតកម្ម YG គួរតែមានយុទ្ធសាស្ដ្រអ្វីដែលប្រសើរជាងនេះ និងគួរតែផ្ដោតលើចម្រៀងដែលមានគុណភាព ឬស្ទីលណាថ្មីៗ ដើម្បីទាក់ទាញទើបល្អ។
បើក្រឡេកមកមើលក្រុមអ្នកគាំទ្ររបស់ក្រុមនារី Baby Monster វិញក៏បានរិះគន់ដូចព្យុះ ព្រោះសមាជិកទាំង ៧ ពិតជាមានសមត្ថភាពខុសៗគ្នា និងសុទ្ធតែសមនឹងបានចេញច្រៀងជាផ្លូវការ មិនគួរមកលេងសើចជាមួយអារម្មណ៍អ្នកគាំទ្រ ឬសមាជិក Baby Monster មកលេងសើចឡើយ។
ក្រៅពីរឿងនេះ មហាជនជាច្រើនក៏បញ្ចេញមតិមិនពេញចិត្តជាច្រើនទាក់ទងនឹងលោក Yang HyunSuk ដោយសារលោកជាមនុស្សដែលធ្លាប់មានប្រវត្ដិមិនល្អពាក់ព័ន្ធរឿងអាស្រូវលេងល្បែងខុសច្បាប់ និងគ្រឿងញៀនផងដែរ ដូច្នេះមិនគួរឱ្យលោកមកពាក់ព័ន្ធឬជាអ្នកមើលពីលើក្រុមចម្រៀងនារីថ្មី Baby Monster ទេ។ គ្រប់គ្នាបានបង្ហាញនូវក្ដីបារម្ភចំពោះក្រុមនារីដែលមិនទាន់ចេញផ្លូវការមួយនេះ ដោយសារតែរឿងអាស្រូវរបស់ Yang HyunSuk និងយុទ្ធសាស្រ្ដដ៏ចាស់គំរិលរបស់ផលិតកម្ម YG៕
























Account
Security
Favourite Content