តារាសម្ដែងស្រីហុងកុង Myolie Wu និងស្វាមីពាណិជ្ជកររបស់នាងកម្របង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនណាស់ ប៉ុន្តែថ្មីៗពួកគេត្រូវបានគេប្រទះឃើញពាក់នាឡិកា និងគ្រឿងអលង្ការថ្លៃៗក្នុងដំណើរកម្សាន្តមួយ។


កាលពីថ្មីៗនេះ សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា Myolie Wu និងស្វាមី Philip Lee បានធ្វើដំណើរកម្សាន្តទៅប្រទេសវៀតណាម។ តាមរយៈរូបភាពដែលបានបង្ហោះនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ធ្វើឱ្យមហាជនអាចមើលឃើញពីភាពរុងរឿងនៅក្នុងជីវិតរបស់គ្រួសារអតីតតារាសម្តែង TVB រូបនេះ។
យោងតាម HK01, Myolie Wu បានពាក់ នាឡិកាម៉ូដែល Patek Philippe Aquanaut 5968A ស៊េរីដែលមានតម្លៃជាង 127,000 ដុល្លារអាមេរិក ។ ចិញ្ចៀនពេជ្ររបស់នាងក៏មានតម្លៃរាប់សែនដុល្លារដែរ។ ចំណែក អ្នកជំនួញ Philip Lee ក៏មិនចាញ់ភរិយាដែរ ដោយបានពាក់នាឡិកាដៃម៉ាក Audemars Piguet Royal Oak មានតម្លៃជាង 127,000 ដុល្លារដូចគ្នា។
លើសពីនេះ លោក Philip Lee ក៏មាននាឡិកា Omega Speedmaster Moon ដែលមានតម្លៃ 3.8 លានដុល្លារមួយទៀតដែរ។


HK01 បានអត្ថាធិប្បាយអំពីធនធានហិរញ្ញវត្ថុដ៏រឹងមាំរបស់គូស្នេហ៍តារាស្រីកើតឆ្នាំ១៩៧៩រូបនេះថា “តម្លៃនាឡិកាទាំងបីដែល Myolie Wu និង Philip Lee ពាក់ពេលធ្វើដំណើរគឺគ្រប់គ្រាន់សម្រាប់ទិញផ្ទះនៅហុងកុង” ។
គួរបញ្ជាក់ថា Myolie Wu និងស្វាមីសុទ្ធសឹងតែមានអាជីពជោគជ័យរៀងខ្លួន។ តារាស្រីរូបនេះជាតារាដែលត្រូវបានគេស្វែងរកច្រើនបំផុតមួយរូបក្នុងទីផ្សារសិល្បៈហុងកុង និងចិនដីគោក។ ចំណែកលោក Philip Lee គឺជាអ្នកអភិវឌ្ឍអាជីវកម្មដ៏ពូកែ ដោយ Myolie Wu ធ្លាប់និយាយថា ស្វាមីរបស់នាងមានឯករាជ្យផ្នែកហិរញ្ញវត្ថុ អាចចូលនិវត្តន៍នៅពេលណាក៏បានដែរ។
Myolie Wu បានឈ្នះចំណាត់ថ្នាក់លេខ២ នៅក្នុងការបវរកញ្ញាហុងកុងក្នុងឆ្នាំ ១៩៩៩ ហើយក៏បានចូលរួមជាមួយ TVB និងបានបន្សល់ទុកនូវស្នាដៃភាពយន្តល្បីៗជាច្រើនរឿងមុនសម្រាកពីសិល្បៈដើម្បីកសាងគ្រួសារ។
នាងនិងស្វាមីបានរៀបការកាលពីឆ្នាំ ២០១៥ និងមានកូនប្រុសចំនួន ៣ នាក់ ដោយកូនទី១កើតនៅឆ្នាំ ២០១៧ កូនទី២កើតនៅឆ្នាំ ២០១៩ និងកូនទី៣កើតនៅខែមេសា ឆ្នាំ ២០២១ ៕



























Account
Security
Favourite Content