អតីតបវរកញ្ញាកូរ៉េ និងជាពិធីការិនីព័ត៌មាន Lee Yeon Je បានទទួលមរណៈភាពបន្ទាប់ពីការវះកាត់ដើម្បីព្យាបាលជំងឺ។ ពិធីបុណ្យសពរបស់នាងបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែមិថុនានៅមន្ទីរពេទ្យ Severance ទីក្រុងសេអ៊ូល។


សារព័ត៌មានកូរ៉េ Newsen បានរាយការណ៍ថា Lee Yeon Je អ្នករាយការណ៍ព័ត៌មានរបស់ MBN បានទទួលមរណភាពនៅថ្ងៃទី ២៤ ខែមិថុនា បន្ទាប់ពីទទួលការវះកាត់ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃមួយ ដោយក្រោយពីវះកាត់នាងមិនបានដឹងខ្លួនមកវិញឡើយ។ ទោះយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់ថានាងមានជំងឺអ្វីនោះទេ។
ប្រហែលមួយសប្តាហ៍មុនស្លាប់ Lee Yeon Je បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង ដោយបានបង្ហើបថាក្នុងអំឡុងពេល២ខែកន្លងមកនេះ សុខភាពរបស់នាងមិននឹងនរទេ។ ដូច្នេះហើយ នាងត្រូវផ្អាកការងារ ហើយទន្ទឹមនឹងនោះក៏អរគុណដល់សហការីដែលបានជួយនាងកន្លងមក។


Lee Yeon Je បានរៀបរាប់ថា៖ “រយៈពេលពីរខែមានទាំងយំមានទាំងសើច មានទាំងឈឺមានទាំងជា អរគុណមិត្តល្អ ខ្ញុំបានបញ្ចប់ការងារចុងក្រោយ មុនពេលឈប់សម្រាកព្យាបាលជំងឺ។ នេះជាពេលវេលាលំបាកជាច្រើន ប៉ុន្តែខ្ញុំពិតជាអរគុណ និងស្រលាញ់ មនុស្សជុំវិញខ្ញុំ ដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ”។
ដំណឹងដែល Lee Yeon Je ទទួលមរណភាពក្នុងវ័យក្មេងធ្វើឱ្យមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនសោកស្ដាយ និងចូលរួមកាន់ទុក្ខ។
កើតនៅឆ្នាំ ១៩៩៦ Lee Yeon Je បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យភាសាបារាំង និងអក្សរសាស្រ្តនៅសកលវិទ្យាល័យកូរ៉េ។ នាងគឺជាជយលាភី Miss Korea Daegu ឆ្នាំ២០២០។ ក្រោយការប្រកួត Lee Yeon Je បានធ្វើការជាអ្នកផ្សាយព័ត៌មាននៅ Yonhap News TV បន្ទាប់មកបានប្ដូរមកប៉ុស្តិ៍ MBN កាលពីឆ្នាំមុន ហើយបានដឹកនាំការរាយការណ៍ព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាច្រើនទៀត ៕




























































Account
Security
Favourite Content