កំពូល YouTuber ដ៏ល្បីល្បាញ MrBeast បាននិយាយថា ខ្លួនទទួលបានការអញ្ជើញឱ្យចូលរួមក្នុងដំណើរកម្សាន្តជិះកប៉ាល់ Submersible របស់ក្រុមហ៊ុន OceanGate កាលពីដើមខែមិថុនា ប៉ុន្តែលោកបានបដិសេធការអញ្ជើញនេះ។
នៅលើ Twitter តារាយូធូប MrBeast បានសរសេរ៖ «ខ្ញុំត្រូវបានគេអញ្ជើញកាលពីដើមខែនេះឱ្យជិះនាវាមុជទឹកទៅមើលខ្មោចកប៉ាល់ទីតានិក តែខ្ញុំបាននិយាយថាទេ។ វាជារឿងគួរឱ្យខ្លាចដែលខ្ញុំប៊ិះនឹងធ្វើវា»។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យទី ១៨ ខែមិថុនា នាវាជ្រមុជទឹក Titan ដំណើរការដោយក្រុមហ៊ុន OceanGate ដែលកំពុងមុជទឹកទៅកាន់បំណែកនៃកប៉ាល់ទីតានិក នៅបាតមហាសមុទ្រអាត្លង់ទិក បានបាត់ទំនាក់ទំនងទាំងស្រុង។ រហូតមកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទើបក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយថា សមាជិកទាំងប្រាំនាក់នៅក្នុងនាវា Titan ត្រូវបានគេសន្មតថាបានស្លាប់ដោយ «ការផ្ទុះនាវា»។
យ៉ាងណា MrBeast មិនបានបញ្ជាក់នោះទេថាតើនរណាជាអ្នកអញ្ជើញលោក ឱ្យសាកជិះនាវាមុជទឹករបស់ក្រុមហ៊ុន OceanGate។ ការបង្ហោះរបស់ MrBeast បានត្រឹមឱ្យដឹងពីសាររបស់អ្នកអញ្ជើញនោះថា៖ «ខ្ញុំនឹងទៅមើលកប៉ាល់ទីតានិចតាមរយៈនាវាមុជទឹកនៅចុងខែនេះ។ ក្រុមរបស់យើងនឹងរំភើបខ្លាំងបើមានអ្នកទៅជាមួយ»។
គួរជម្រាបថា MrBeast ដែលមានឈ្មោះពិត Jimmy Donaldson គឺជាអ្នកបង្កើតមាតិកា ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ YouTube ពោលគឺមានអ្នកតាមដានប្រមាណជាង ១៦២ លាននាក់នាពេលបច្ចុប្បន្ន។
MrBeast ត្រូវបានគេប៉ាន់ស្មានថាជា YouTuber ដែលអាចរកចំណូលបានខ្ពស់ជាងគេនៅលើ YouTube តាមរយៈការផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់អ្នកដទៃ និងប្រភេទវីដេអូជួយអ្នកដទៃរបស់លោក។
មហន្តរាយលិចនាវា Titan បានទាក់ទាញការចាប់អារម្មណ៍របស់សាធារណៈនៅទូទាំងពិភពលោក។ ហើយក្រុមហ៊ុន OceanGate ក៏រងការរិះគន់ពីសាធារណៈជនគ្រប់ទិសទីជុំវិញបញ្ហាសុវត្ថិភាពដែលបង្កឱ្យមានមនុស្សស្លាប់តាមរយៈកម្មវិធីដំណើរកម្សាន្តរបស់ខ្លួន៕


























































Account
Security
Favourite Content