មិនខុសពីបណ្តាឆ្នាំកន្លងទៅ តារាចម្រៀងស្រីរូបស្រស់ មីណា បានលេចវត្តមានចូលរួមកម្មវិធី K-Wave End Year Concert 2023 ជាការប្រគំតន្រ្តីចុងឆ្នាំរបស់ផលិតកម្ម K’ve Entertainment និង PUAC នៅទីតាំង CKCC HALL នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ព្រមជាមួយវត្តមានរបស់ ព្រះនាងតូច នរោត្តម ជេនណា និងតារាប្រចាំផលិតកម្ម K’ve Entertainment រួមមាន BOBO, ក្រុមចម្រៀង OMG, OneTime និងក្រុមរាំ 4ever ជាដើម។


មីណា បានបង្ហាញអារម្មណ៍រំភើបចំពោះការដែលបានចូលរួមការប្រគុំតន្រ្តីចុងឆ្នាំរបស់ K’ve Entertainment ម្តងទៀត ហើយនាងបានឡើងបកស្រាយចម្រៀងជាច្រើនបទ មានទាំងការច្រៀងជាភាសាកូរ៉េ និងបានច្រៀងបទចម្រៀងផ្ទាល់ខ្លួន អមដោយក្បាច់រំរស់រវើកដ៏គួរឱ្យទាក់ទាញទៀតផង។ ក្នុងចំណោមនោះ តារាស្រីពូកែក្បាច់រាំរូបនេះ បានសម្តែងបទ «Tipsy» ជាបទចម្រៀងថ្មីសន្លាងរបស់នាង ត្រៀមនៅឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីជាចំណងដៃជូនហ្វេនៗសម្រាប់ការស្វាគមន៍ឆ្នាំថ្មី។ «Tipsy» ជាប្រភេទបទចម្រៀងញាក់ កន្ត្រាក់អារម្មណ៍ រំលេចដោយក្បាច់រាំថ្មីប្លែកជាងបទមុនៗទៅទៀត។

មីណា លើកឡើងថា មែនទែនទៅបទ «Tipsy» គ្រោងចេញនៅចុងឆ្នាំ ២០២៣ នេះ ដោយបានរៀបចំការងារជាច្រើនរួចហើយ តែដោយសារនាងជាប់រវល់ការងារច្រើន ក៏សម្រេចចិត្តថា ចាំឱ្យរយាលដៃបន្តិចទើបបញ្ចេញស្នាដៃបទថ្មីនេះនៅឆ្នាំ ២០២៤ តែម្តងទៅ។
K-Wave End Year Concert 2023 ជាឆាក concert ទី២ ដែលសោភារូបស្រស់នេះ លើកយកបទ «Tipsy» ទៅសម្តែង។ ក្រោយយកបទថ្មីនេះឡើងសម្តែងបាន ២ ដង តារាចម្រៀងរូបនេះ មើលឃើញថា ពុកម៉ែបងប្អូនពេញចិត្ត និងគាំទ្របទនេះច្រើន ធ្វើឱ្យនាងមានកម្លាំងចិត្តពេញបឹមក្នុងការផលិតបទថ្មីនេះឡើងឱ្យបានឆាប់ៗ។ ប៉ុន្តែពេលនេះពុំទាន់អាចកំណត់កាលបរិច្ឆេទច្បាស់នៅឡើយទេ ដូច្នេះហ្វេនៗកុំភ្លេចរង់ចាំមើលការ update លើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងទាំងអស់គ្នា៕

























Account
Security
Favourite Content