វត្តមានរបស់ Danielle គឺជាចំណែកមួយដ៏សំខាន់នៅក្នុងក្រុមតារាចម្រៀងនារី Newjeans ក្នុងការឈានជើងមានភាពជោគជ័យឡើងដល់ឆាកអន្តរជាតិលំដាប់ពិភពលោក។ តារាចម្រៀងវ័យ ១៨ ឆ្នាំរូបនេះមានទាំងទេពកោសល្យ ទឹកដមសំឡេងពីរោះរណ្ដំ ចេះនិយាយច្រើនភាសា អត្តចរិតល្អ ភាពស្រស់ស្អាត ជាពិសេសស្នាមញញឹមមិនចេះរីងស្ងួតតែម្ដង។


ថ្មីៗនេះផងដែរមានអ្នកលេងអ៊ីនធីណេតមួយភាគកំពុងងាកមកផ្ទុះការចាប់អារម្មណ៍ទៅលើវីដេអូមួយដែល Danielle ក្នុងវ័យ ១៣ ឆ្នាំបានចូលរួមសម្ដែងនៅក្នុងមហោសិល្បករវ័យក្មេងក្នុងឆ្នាំ ២០១៨ មុនពេលនាងបង្ហាញជាតារាខេប៉ុប។ បើទោះបីជាមានវ័យក្មេងខ្ចីពិតមែន ក៏ក្មេងស្រីតូចមួយនេះនៅតែធ្វើបានល្អរហូតដល់អ្នកគាំទ្រសរសើរថាសមត្ថភាពរបស់នាងពិតជាសក្កិសមជាតារាខេប៉ុបជំនាន់ទី ៤ មានកេរ្ដិ៍ឈ្មោះបោះសំឡេងមែន។



នៅក្នុងវីដេអូនេះផងដែរ គេក៏បានចាប់អារម្មណ៍ថា Danielle ហាក់មានសាច់ជាងបច្ចុប្បន្នបន្តិចដែលបានក្លាយជាប្រធានបទធ្វើឱ្យអ្នកលេងអ៊ីនធឺណេតលើកយកមកពិភាក្សាអំពីទម្ងន់ និងការបង្ហាញជាតារាក្នុងវ័យក្មេងបែបនេះ។ ក្នុងនោះមានអ្នកខ្លះគិតថានាងមានរូបរាងស្គមពីកំណើត ហើយក៏ហាក់បីដូចជាមានភាពភ្ញាក់ផ្អើលបន្ដិចនៅពេលដែលដឹងថានាងត្រូវកំណត់របបអាហារដ៏តឹងតែងក្នុងអំឡុងពេលវ័យជាក្មេងកំពុងលូតលាស់ដើម្បីក្លាយជាតារាចម្រៀងក្នុងវិស័យខេប៉ុប។


ស្របពេលនោះផងដែរក៏មានអ្នកគាំទ្រផ្សេងទៀតបានរំឮកថាដើម្បីក្លាយជាតារាខេប៉ុប ច្បាស់ណាស់ពួកគេទាំងអស់គ្នាត្រូវតែឆ្លងកាត់ការធ្វើរបបអាហារមួយដែលត្រឹមត្រូវដើម្បីធានាពួកគេឈានដល់កម្រិតស្ដង់ដា។ ចំពោះរបបអាហារនេះផងដែរគឺត្រូវកំណត់ទៅតាមរបៀបរបប និងគោលការណ៍របស់ក្រុមហ៊ុននីមួយៗរួមមានទាំងការធ្វើលំហាត់ប្រាណ ព្រមទាំងការរស់នៅប្រចាំថ្ងៃ ដូច្នេះពួកគេមិនមែនមានរូបរាងស្អាតពីកំណើតឡើយ។
យ៉ាងណាមិញមិនថាពីមុន និងបច្ចុប្បន្ន Danielle មានរូបរាងខុសគ្នាបែបណានោះទេ នាងនៅតែមានស្រស់ស្អាតស្រទន់គួរឱ្យស្រឡាញ់ និងតែងតែធ្វើបានល្អបំផុតក្នុងនាមជាតារាចម្រៀងខេប៉ុបជំនាន់ថ្មី ហើយក៏មិនធ្វើឱ្យ Bunnies របស់ក្រុម Newjeans ខកចិត្តនោះដែរ ៕

























































Account
Security
Favourite Content