មួយរយៈចុងក្រោយនេះ តារាស្រីហុងកុង Mandy Wong ត្រូវបានមហាជន និងអ្នកគាំទ្រ ជាច្រើនបានចោទសួរពីទំនាក់ទំនងរបស់នាងជាមួយស្ថានីយន៍ទូរទស្សន៍ TVB ថារូបនាងនឹងរួមដំណើរបន្ដជាមួយគ្នាទៀតដែរ ឬក៏យ៉ាងណា។ ចំពោះមូលហេតុដែលគេសួរនាំ ព្រោះដោយសារតែកុងត្រារបស់នាងជិតផុតកំណត់។



ជាលទ្ធផល រូបនាងក៏បានប្រកាសចាកចេញពីស្ថានីយន៍ទូរទស្សន៍ TVB ក្រោយរួមសហការគ្នាអស់រយៈពេលជាង ១៦ ឆ្នាំ។ Mandy Wong បានទម្លាយពីអារម្មណ៍របស់នាងទាក់ទងនឹងការចាកចេញថា រយៈពេលកន្លងមកនាងពិតជាមានការចងចាំល្អៗ។ តួអង្គដែលនាងបានសម្ដែងពិតជាផ្ដល់បទពិសោធ និងមេរៀនជីវិតដល់រូបនាង។ រូបនាងនឹងបើកទំព័រជីវិតថ្មី និងត្រៀមខ្លួនជួបតួអង្គថ្មីៗ ជាច្រើននៅពេលអនាគត។



រូបនាងបន្ដថា បច្ចុប្បន្ន នាងមិនទាន់អាចប្រាប់ពីគម្រោងការក្នុងអាជីពសិល្បៈរបស់នាងឡើយ ប៉ុន្ដែនាងនឹងព្យាយាមបញ្ជាក់ប្រាប់នៅពេលខាងមុខ។ មែនទែនទៅ នាងហាក់មានអារម្មណ៍មិនសូវល្អឡើយ យ៉ាងណាក្ដីក្រោយទទួលបានការលើកទឹកចិត្តពីអ្នកជុំវិញ នាងពិតជាមានអារម្មណ៍ល្អប្រសើរច្រើនជាងមុន។ ការសម្ដែងគឺជាចំណង់ចំណូលចិត្តរបស់នាង ដូច្នេះនាងនឹងបន្ដធ្វើវាមិនបោះបង់ចោលឡើយ។ នាងនឹងត្រឡប់មកវិញឆាប់ៗ។



ជាចុងក្រោយ នាងក៏អរគុណដល់ស្ថានីយ៍ទូរទស្សន៍ TVB ដែលបានបង្ហាត់បង្រៀន និងផ្ដល់ឱកាសដល់រូបនាង។ នាងចាប់ផ្ដើមពីចំណុចសូន្យ រហូតដល់ដើរមកដល់ចំណុចសព្វថ្ងៃ នាងពិតជាអរគុណ ដល់ក្រុមការងារទាំងអស់ ផលិតករទាំងឡាយដែលធ្លាប់ជួយជ្រោមជ្រែងដល់រូបនាង។ នាងនឹងខិតខំប្រឹងប្រែងបន្ដទៀត៕
























Account
Security
Favourite Content