Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

នៅថ្ងៃទី៤ ខែសីហា កន្លងទៅ អង្គការ Re:wild របស់ Leonardo DiCaprio និងមូលនិធិ Bezos Earth Fund កំពុងដឹកនាំគម្រោង Phoenix Species Project ដោយហៅថាជាមូលនិធិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានបម្រុងទុកជាពិសេសសម្រាប់ការស្រោចស្រង់ប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។
Leonardo DiCaprio បានអភិវឌ្ឍគំនិតនេះជាច្រើនឆ្នាំមកហើយ ដើម្បីជួយដល់ប្រភេទសត្វណាដែលកំពុងប្រឈមមុខនឹងការបាត់បង់ទីជម្រក និងការផុតពូជនាពេលអនាគត ដោយសារការផ្លាស់ប្តូរអាកាសធាតុ។
នៅក្នុងឆ្នាំ ២០២១ តារាសម្តែងវ័យ ៥១ ឆ្នាំរូបនេះ និងសហស្ថាបនិកអង្គការ Re:wild គឺលោក Wes Sechrest ដែលជាជីវវិទូ និងជានាយកប្រតិបត្តិនៃអង្គការ បានជួបពិភាក្សាជាមួយមហាសេដ្ឋីប្រាក់ពាន់លានស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដែលជាប្រធានមូលនិធិ Bezos Earth Fund និងភរិយារបស់លោក គឺលោកស្រី Lauren Sánchez Bezos ដែលជាអនុប្រធាននៃមូលនិធិនេះ។


ជំនួបនោះបាននាំឱ្យមានកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលក្នុងស្រុក ក្រុមអ្នកការពារបរិស្ថាន និងជនជាតិដើមភាគតិច ដើម្បីស្វែងរកវិធីសាស្ត្រល្អបំផុតក្នុងការស្តារចំនួនប្រភេទសត្វដែលងាយរងគ្រោះឡើងវិញ។ លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះ បានឈានទៅដល់ការបង្កើតគម្រោង Phoenix Species Project ឡើង។
បច្ចុប្បន្ន Phoenix Species Project គ្រោងនឹងជួយពូជសត្វ ដូចជា Golden-crowned sifaka, Hickory Nut Gorge green salamander, Visayan warty pig, Mexico’s Cozumel harvest mouse និង Malayan pangolin ជាដើម។
គោលដៅរបស់គម្រោងនេះ រួមមានការផ្តល់ជំនួយរយៈពេលវែងដល់គម្រោងតូចៗដែលចូលរួមអភិរក្សបានយ៉ាងជោគជ័យ ក៏ប៉ុន្តែមានលក្ខណៈបណ្តោះអាសន្ន ឬមានរយៈពេលខ្លី ដោយសារកត្តាហិរញ្ញវត្ថុ។

លោកស្រី Tiana Andriamanana នាយិកាប្រតិបត្តិនៃសមាគម Fanamby ដែលជាម្នាក់ក្នុងចំណោមអ្នកទទួលបានជំនួយពីគម្រោងនេះ បាននិយាយថា៖ “យើងបានការពារ Golden-crowned sifaka ជាច្រើនឆ្នាំមកហើយ ជាមួយនឹងកញ្ចប់ថវិកាដែលមិនសមនឹងអ្វីដែលសត្វប្រភេទនេះគួរទទួលបាននោះទេ។ ប៉ុន្តែការបណ្តោយឱ្យវាផុតពូជ មិនមែនជាជម្រើសនោះឡើយ”។
លោកស្រីបានបន្ថែមទៀតថា៖ “កញ្ចប់ថវិកានេះ វេទិកាសកលនេះ និងការគាំទ្រផ្នែកបច្ចេកទេសនេះ នឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន”៕
























































Account
Security
Favourite Content