តារាប្រុស Lee Jun Ho ដែលធ្លាប់បានសម្ដែងជាតួឯករួមគ្នាជាមួយនឹង Yoona នៅក្នុងរឿង King the Land បង្ហាញការអបអរសាទរទៅលើភាពជោគជ័យថ្មីរបស់ដៃគូ ក្នុងសន្និសីទសារព័ត៌មានសម្រាប់រឿងថ្មី Typhoon Family។

នៅថ្ងៃទី១ ខែតុលានេះ រឿងភាគចុងសប្តាហ៍ថ្មីរបស់ tvN រឿង Typhoon Family បានរៀបចំសន្និសីទសារព័ត៌មាននៅឯ សណ្ឋាគារ The Link Hotel Seoul ទីក្រុងសេអ៊ូល ជាមួយនឹងវត្តមានចូលរួមពីតារាសម្តែង Lee Jun Ho, Kim Min Ha និងអ្នកដឹកនាំរឿង Lee Na Jung ។
រំឭកដល់ដៃគូចាស់ តារាប្រុសសមាជិកក្រុម 2PM រូបនេះបានចែករំលែកថា៖ “សមាជិកតួសម្តែងពីរឿង King the Land នៅតែមានក្រុមជជែកគ្នាលើកម្មវិធីបណ្ដាញសង្គមនៅឡើយ។ ពួកយើងបានអបអរសាទរគ្នាទៅវិញទៅមក ហើយនិយាយថា Bon Appétit, Your Majesty ល្អមើលណាស់”។

ដោយហេតុថា ភាពយន្ត Typhoon Family នឹងចាក់ផ្សាយក្នុងពេលតែមួយជាមួយនឹងរឿង Bon Appétit, Your Majesty ពោលគឺថ្ងៃ សៅរ៍-អាទិត្យ ម៉ោង ៩៖១០នាទីយប់ តារាប្រុសវ័យ ៣៥ឆ្នាំបានរៀបរាប់ថា៖ “ដោយសារតែភាពយន្តនេះទទួលបានជោគជ័យជាសកល ខ្ញុំគិតថា ទស្សនិកជនក៏អាចនឹងរពឹងខ្ពស់ចំពោះភាពយន្តបន្ទាប់នេះដូចគ្នា”។
គួរឱ្យដឹងផងដែរថា ភាពយន្តចុងភៅឆ្លងភពដែលសម្ដែងដោយ Yoona បានបញ្ចប់ជាមួយនឹងការគាំទ្រខ្លាំងពីទស្សនិកជនជុំវិញពិភពលោក ខណៈពេលដែលការចាក់ផ្សាយភាគបញ្ចប់នៅលើទូរទស្សន៍ទទួលបាន Rating ដល់ទៅ ១៧.១ភាគរយ។
ហេតុដូច្នេះ ទស្សនិកជនក៏បានរំពឹងខ្ពស់ជាមួយនឹងភាពយន្តថ្មី ដែលត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី១១ ខែតុលាខាងមុខនេះដែរ ដោយរឿងថ្មីចំណងជើងថា Typhoon Family បានផ្ដោតសាច់រឿងទៅលើអ្នកជំនួញថ្មីថ្មោង Kang Tae Poong ដែលបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មមួយក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩៩៧៕
























Account
Security
Favourite Content