ការបញ្ចេញមតិនាពេលកន្លងមករបស់តារាសម្ដែងកូរ៉េ Lee Dong Wook បានបញ្ឆេះការរិះគន់ និងការជជែកដេញដោលយ៉ាងខ្លាំងមិននឹកស្មានដល់នៅលើបណ្តាញសង្គមរបស់ចិន។

នៅលើ Weibo ពាក្យគន្លឹះ “Lee Dong Wook, ជនជាតិកូរ៉េមិនបរិភោគនំព្រះខែ” ថ្មីៗនេះបានឡើងដល់ចំណាត់ថ្នាក់កំពូលក្លាយជាប្រធានបទដែលមានការពិភាក្សាច្រើនបំផុត។ គិតត្រឹមថ្ងៃទី ២០ ខែសីហា ការបង្ហោះពាក់ព័ន្ធប្រធានបទមានលើសពី ៣២០០០ ផុស ខណៈចំនួន View សរុបគ្រប់ផុសគឺរហូតដល់ ៩៨ លាន View ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

មែនទែនទៅ ការបញ្ចេញយោបល់ដែលនាំឱ្យមានមតិចម្រូងចម្រាសនេះបានកើតឡើងតាំងពីខែកញ្ញាឆ្នាំមុន ក្នុងរដូវកាលពិធីបុណ្យ Chuseok នៅពេលដែលតារាសម្ដែង Lee Dong Wook កំពុងលេងឆាតជាមួយអ្នកគាំទ្រនៅលើវេទិកា Bubble ។ នៅពេលដែលអ្នកគាំទ្រជនជាតិចិនមួយចំនួនសួរថាតើជនជាតិកូរ៉េក៏ញ៉ាំនំព្រះខែ (moon cakes) ដែរឬអត់ តារាប្រុសរូបនេះបានឆ្លើយថា “ជម្រាបអ្នកគាំទ្រជនជាតិចិន នៅប្រទេសកូរ៉េ យើងមិនញ៉ាំនំព្រះខែទេ។ ពួកយើងប្រារព្ធពិធីបុណ្យខុសគ្នា”។ លោកបានបន្ថែមទៀតថា “តោះឈប់និយាយពីនំព្រះខែទៅ យើងញ៉ាំនំ songpyeon (នំព្រះខែកូរ៉េ) ជំនួសវិញ”។
ក្រោយមក ការលើកឡើងនេះត្រូវបានបកប្រែជាភាសាចិន និងបានផ្សព្វផ្សាយតាមអ៊ីនធឺណិតជាទម្រង់រូបភាព ដែលចាប់ផ្តើមទាក់ទាញការរិះគន់ពីអ្នកលេងអ៊ីនធឺណិតចិន។
យ៉ាងណាមិញ នៅប្រទេសកូរ៉េ ប្រតិកម្មភាគច្រើនគឺបង្ហាញការហួសចិត្តចំពោះអ្នកលេងអ៊ិនធឺណិតចិន។ អ្នកបញ្ចេញមតិជាច្រើនបានចោទសួរថា ហេតុអ្វីបានជាការនិយាយបែបនេះក្លាយជារឿងចម្រូងចម្រាសទៅកើត ដោយមានមតិជាច្រើនសរសេរថា “ខ្ញុំមិនដឹងថាអ្វីជានំព្រះខែទេ” “គាត់គ្រាន់តែនិយាយថាជនជាតិកូរ៉េញ៉ាំ songpyeon – តើវាគួរឱ្យស្អប់ខ្ពើមយ៉ាងដូចម្តេច?” និង “តើមានបញ្ហាអ្វីគ្រាន់តែការនិយាយការពិត?” ជាដើម ៕

























































Account
Security
Favourite Content