ជាមោទនភាពខ្លាំងណាស់សម្រាប់តារាម៉ូដែលកម្ពុជា កញ្ញា ទៀន គីមចេង ដោយនាងទទួលឱកាសដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 ជាលើកដំបូងបង្អស់ជាមួយអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ និងបុគ្គលមានឥទ្ធិពលជាច្រើនរូបទៀត។



ប្រាប់ឱ្យ AMS Infotainment ដឹងថ្មីៗនេះ គ្រូបង្រៀនដើរ catwalk និងជាតារាម៉ូដែលអាជីព គីមចេង ថា នាងរំភើបខ្លាំងរកអ្វីថ្លែងពុំបាន ព្រោះមិននឹកស្មានថា ខ្លួនមានឱកាសបានមកដើរលើកម្រាលព្រំក្រហមទីក្រុងកាន ជាកន្លែងនៃក្តីស្រមៃរបស់សិល្បករជុំវិញពិភពលោក។ គ្រូបង្រៀន catwalk រូបនេះបន្តថា នាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការដើរកម្រាលព្រំក្រហម Cannes Film Festival 2024 និងត្រៀមបង្ហាញនូវឈុតសម្លៀកបំពាក់ច្នៃឡើងដោយលោក អូលីវ៉ា គង់ ដើម្បីឱ្យអន្តរជាតិបានឃើញថែមទៀតផង។
គីមចេង បង្ហើបថា នាងបានជ្រើសរើសយកឈុតបែបសហសម័យសម្រាប់ដើរកម្រាលព្រំក្រហមលើកទី២ ដោយឈុតនេះរំលេចនូវទម្រង់សិល្បៈបុរាណផ្សារភ្ជាប់មកុដអប្សរា ដើម្បីបង្ហាញពីភាពចំណាស់នៃសិល្បៈ វប្បធម៌របស់ខ្មែរយើងបង្ហាញទៅកាន់អន្តរជាតិ។ ជាការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងគំនិតបែបច្នៃប្រតិដ្ឋបែបទំនើបបង្កើតចេញជាឈុតសម្លៀកបំពាក់ដែល «បុរាណមិនយឺត សម័យមិននិយម»។

ដោយសារកាលវិភាគការចូលរួមដើរកម្រាលព្រំក្រហមត្រូវនឹងថ្ងៃ២១ ខែឧសភា នេះ គីមចេង និង អូលីវ៉ា មានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមរៀបចំខ្លួន និងសល់ពេលវេលាខ្លះដើរមើលកន្លែងកម្មវិធីកម្រាលព្រំក្រហម ថែមទៀតឆ្លៀតធ្វើការរាក់ទាក់ជាមួយអ្នកសារព័ត៌មានអន្តរជាតិទៀតផង។ គីមចេង ថា គ្រប់គ្នានៅទីនោះចាប់អារម្មណ៍ និងបានសួរនាំពីសាវតាររបស់នាង និង អូលីវ៉ា ថែមទៀតផង។


ឆ្លៀតឱកាសនេះ តារាម៉ូដែល ទៀន គីមចេង សូមឧទ្ទិសការដឹងគុណដល់ព្រះរស់ទាំងពីរដែលលោកជាអ្នកមានគុណ និងជាគ្រូដែលផ្តល់ដំបូន្មានដល់រូបនាងតាំងពីថ្ងៃកើត ហើយក៏សូមរំឮកដល់គុណលោកគ្រូអ្នកគ្រូគ្រប់ផ្នែកទាំងអស់ ដែលបានជួយបង្ហាត់បង្រៀនរូបនាងឱ្យតូចរហូតធំដឹងក្តី ព្រោះបើគ្មានការបង្រៀនរបស់លោកគ្រូអ្នកគ្រូ គឺនាងមិនអាចមានថ្ងៃនេះឡើយ។


សូមជម្រាបផងដែរថា នេះជាលើកដំបូងបង្អស់ដែលតារាម៉ូដែល ទៀន គីមចេង មានឱកាសបានដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧។ កន្លងមកគ្រូបង្រៀនដើរម៉ូដរូបនេះ ធ្លាប់បានចូលរួមដើរម៉ូដកម្មវិធី Milan Fashion Week នៅអ៊ីតាលី ម្តងរួចហើយ តែពុំសូវទទួលបានការគាំទ្រច្រើន ដោយសារនាងមិនសូវបង្ហាញមុខលើ social media ទើបធ្វើឱ្យចង់កើតជំងឺបាក់ទឹកចិត្តម្តងៗ។
ទោះជាយ៉ាងនេះក្តី គីមចេង មិនបោះបង់ចោលក្តីស្រមៃ និងឆន្ទៈរបស់ខ្លួនឯងឡើយ ដោយនាងប្តេជ្ញាបន្តផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅកាន់ឆាកអន្តរជាតិ ដោយគ្រាន់តែសង្ឃឹមថា ពុកម៉ែបងប្អូននឹងមើលឃើញនូវការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្ត ប្រាក់កាក់ ដើម្បីប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕
























Account
Security
Favourite Content