តារាសម្ដែងកូរ៉េ Kim Seon Ho បានក្លាយជាតារាជួរមុខចុងក្រោយបង្អស់ក្រោមដំបូលផលិតកម្ម Fantagio ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទគេចពន្ធ ដែលបង្កឱ្យមានការតាមដានយ៉ាងខ្លាំងលើការគ្រប់គ្រងរបស់ទីភ្នាក់ងារនេះ ខណៈពួកគេកំពុងដោះស្រាយករណីស្រដៀងគ្នានេះពាក់ព័ន្ធនឹងតារាចម្រៀងនិងសម្ដែង Cha Eun Woo។

សារព័ត៌មាន Sports Kyunghyang បានរាយការណ៍កាលពីថ្ងៃទី ១ ខែកុម្ភៈថា Kim Seon Ho ត្រូវបានគេសង្ស័យថាបានប្រើប្រាស់ក្រុមហ៊ុនលក្ខណៈគ្រួសារដើម្បីគេចពន្ធ ដែលជាវិធីសាស្ត្រស្រដៀងគ្នាទៅនឹងវិធីដែលគេចោទប្រកាន់ថាមិត្តរួមផលិតកម្មគឺ Cha Eun Woo បានប្រើប្រាស់ដែរ។
យោងតាមរបាយការណ៍ តារាសម្ដែងត្រកូល Kim បានបង្កើតក្រុមហ៊ុនរៀបចំផែនការសម្ដែងមួយកាលពីខែមករា ឆ្នាំ ២០២៤ ដោយចុះបញ្ជីនៅអាសយដ្ឋានផ្ទះរបស់លោកក្នុងទីក្រុងសេអ៊ូល។ លោកត្រូវបានបញ្ជាក់ថាជាអគ្គនាយក (CEO) ខណៈដែលឪពុកម្ដាយរបស់លោកបម្រើការជាប្រធានផ្នែកផ្ទៃក្នុង និងសវនករ។
របាយការណ៍បានអះអាងថា ក្រុមហ៊ុននេះគឺជា “ក្រុមហ៊ុនក្រដាស” (Paper Company) ដែលបង្កើតឡើងដើម្បីលាក់បាំងប្រាក់ចំណូល និងកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប្រភពដដែលបានចោទប្រកាន់ថា Kim បានបើកប្រាក់ខែឱ្យឪពុកម្ដាយតាមរយៈក្រុមហ៊ុននោះ ហើយប្រាក់ទាំងនោះត្រូវបានផ្ទេរត្រឡប់មកលោកវិញ ព្រមទាំងបានប្រើប្រាស់កាតឥណទានក្រុមហ៊ុនសម្រាប់ចំណាយផ្ទាល់ខ្លួន និងការកម្សាន្តផ្សេងៗ។
ផលិតកម្ម Fantagio បានចេញមុខបដិសេធការអះអាងទាំងនេះយ៉ាងឆាប់រហ័ស។ នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការ ភ្នាក់ងារនេះបាននិយាយថា Kim Seon Ho មានកិច្ចសន្យាផ្តាច់មុខផ្ទាល់ខ្លួនជាមួយពួកគេ ហើយលោកបានអនុវត្តតាមច្បាប់ពន្ធដារទាំងអស់។
ផលិតកម្មបានបញ្ជាក់ថា៖ “ពួកយើងសូមបញ្ជាក់ថា កិច្ចសន្យា ឬសកម្មភាពរបស់ Kim Seon Ho ក្នុងផលិតកម្ម Fantagio មិនមានបញ្ហាអ្វីនោះទេ”។
ពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រួសារដែលបានលើកឡើងក្នុងរបាយការណ៍ Fantagio បានពន្យល់ថា៖ “ក្រុមហ៊ុនដែលមានមនុស្សតែម្នាក់នេះ ត្រូវបានបង្កើតឡើងសម្រាប់ការផលិតកម្មវិធីមហោស្រព មិនមែនសម្រាប់គោលបំណងគេចពន្ធនោះទេ”។ ពួកគេបានបន្ថែមថា ក្រុមហ៊ុននេះមិនមានសកម្មភាពអ្វីឡើយអស់រយៈពេលជាងមួយឆ្នាំមកហើយ តាំងពី Kim Seon Ho បានចូលរួមជាមួយ Fantagio ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងនីតិវិធីបិទកិច្ចការងារ។
ពេលវេលានៃការចោទប្រកាន់ទាំងនេះបានបង្កឱ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងញ ដោយ Kim Seon Ho ស្ថិតនៅក្នុងភ្នាក់ងារតែមួយជាមួយ Cha Eun Woo ដែលកាលពីពេលថ្មីៗនេះទើបតែទទួលបានវិក្កយបត្រឱ្យបង់ពន្ធបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រហែល ២០ ពាន់លានវ៉ុន (១៣.៦ លានដុល្លារ) សម្រាប់ការចោទប្រកាន់ថាបានប្រើប្រាស់គម្រោងក្រុមហ៊ុនគ្រួសារស្រដៀងគ្នានេះជាមួយម្ដាយរបស់លោក។
ស្របពេលតារាលំដាប់កំពូលពីររូបដែលប្រឈមមុខនឹងការចោទប្រកាន់រឿងពន្ធដារស្រដៀងគ្នានៅក្រោមភ្នាក់ងារតែមួយ ក្តីបារម្ភកាន់តែខ្លាំងបានកើតឡើងអំពីការគ្រប់គ្រងរបស់ Fantagio។ លក្ខណៈដដែលៗនៃរឿងអាស្រូវទាំងនេះ បង្ហាញថាភ្នាក់ងារនេះអាចនឹងពិបាកក្នុងការដោះសារពីការទទួលខុសត្រូវចំពោះការរៀបចំហិរញ្ញវត្ថុរបស់សិល្បករពួកគេ ទោះបីជាវានៅលឿនពេកក្នុងការដាក់កំហុសទាំងស្រុងក៏ដោយ ៕





















































Account
Security
Favourite Content