បកត្រឡប់ទៅកាលពីខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាស្រីល្បីវ័យក្មេង Kim Saeron បានបើកបររថយន្ដទាំងក្នុងស្ថានភាពស្រវឹង និងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ Gangnam។ ហេតុការណ៍នេះបានធ្វើឱ្យចរន្ដអគ្គីសនីនៅតំបន់នោះបានដាច់អស់ ខណៈហាងជាច្រើនក្នុងតំបន់មិនអាចបើករកស៊ីបានព្រមទាំងបង្កការខូចខាតនានា។



រឿងអាស្រូវនេះដែរ បានធ្វើឱ្យមហាជនទាំងក្នុងស្រុក និងក្រៅស្រុករិះគន់នាងយ៉ាងខ្លាំងដោយសារពេលកើតហេតុភ្លាមៗ នាងមានបំណងចង់រត់គេច និងមិនព្រមសហការតេស្ដជាតិស្រវឹងក្នុងខ្លួនឡើយ។ វាជាទង្វើមួយដែលត្រូវបានគេចាត់ទុកថាគ្មានទំនួលខុសត្រូវ និងជាគំរូមិនល្អមួយក្នុងនាមជាអ្នកសិល្បៈ។ ចាប់តាំងពីពេលនោះ នាងក៏បានបង្កបញ្ហាមួយចំនួនទៀតដូចជាត្រូវគេចាប់បានថាកុហកថាកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងកំពុងធ្វើការនៅហាងកាហ្វេ រូបនាងកាន់តែត្រូវគេររិះគន់ថែមទៀតពិបាកក្នុងការវិលទៅសម្ដែងរឿងភាគវិញ។

ស្រាប់តែថ្មីៗ នេះ រូបនាងបានបង្ហាញខ្លួនជាសាធារណៈម្ដងទៀតក្នុងវីដេអូចម្រៀងខ្លី Bittersweet របស់ El Brothers។ ក្នុងវីដេអូនោះ Kim Saeron បានផ្លាស់ប្ដូររូបរាងថ្មីដោយលាបសក់ពណ៌ទង់ដែង ជាពិសេសនាងមើលទៅមានទឹកមុខស្រស់ស្រាយខ្លាំង។ រូបរាងរបស់នាងត្រូវបានគេលើកឡើងថា ដូចជាតារាខេប៉ុប និងមើលទៅក្មេងជាងវ័យទៀតផង។ ស្ទីលរបស់នាងគឺប្រែប្រួលច្រើនសឹងមើលមិនស្គាល់។


តែទោះជាយ៉ាងណាក្ដី មហាជនជាច្រើននៅតែមិនទាន់ពេញចិត្ត និងបើកចិត្តទទួលយកតារាស្រីរូបនេះវិញឡើយ ខណៈនៅតែមានមតិរិះគន់ជាច្រើនទាក់ទិននឹងអត្ដចរិតរបស់នាង៕





























Account
Security
Favourite Content