កំហុសឆ្គងដែលតារាស្រីវ័យក្មេង Kim Saeron បានប្រព្រឹត្ដិដោយបើកបរទាំងស្រវឹង និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បានដេញតាមលងជីវិតរបស់នាង និងធ្វើឱ្យរូបនាងមានវិប្បដិសារីយ៉ាងខ្លាំង។ មែនទែនទៅ អាជីពជាអ្នកសិល្បៈដែលខំសាងមកអស់រាប់សិបឆ្នាំក៏ស្ទើរតែរលាយអស់ក្នុងមួយប៉ប្រិចភ្នែកត្រូវចាកចេញពីផលិតកម្ម ត្រូវលាឈប់ពីរឿងភាគត្រៀមសម្ដែង និងគ្មានប្រេន ឬក្រុមការងារណាហៅមកធ្វើការទៀតឡើយ។ បើតាមប្រភពព័ត៌មានរបស់កូរ៉េកាលពីមួយរយៈមុនបានឱ្យដឹងថា បច្ចុប្បន្នតារាស្រីវ័យ ២២ ឆ្នាំរូបនេះ កំពុងធ្វើការក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុង សេអ៊ូល ដើម្បីរកប្រាក់ចំណូល។
នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៣ នាងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងដើម្បីចូលខ្លួនទៅតុលាការទាក់ទិននឹងរឿងក្ដីបើកបរទាំងស្រវឹង។ បើតាមប្រភពព័ត៌មាន Naver បានឱ្យដឹងថា Kim Saeron អាចប្រឈមមុខត្រូវផាកពិន័យប្រាក់ប្រមាណជាង ១៥ ១៦៨ ដុល្លារអាមេរិក។
ជាមួយនេះដែរ នាងក៏ត្រូវបានអ្នកកាសែតចោទសួរថា៖ តើមានគម្រោងចូលសិល្បៈវិញទេ?
ជាចម្លើយ៖ តារាស្រី Kim Saeron បានត្រឹមតែសុំទោសទាំងទឹកភ្នែករលីងរលោង។ ហើយកំឡុងពេលកាត់ក្ដី នាងក៏បានសុំទោស និងសន្យាមិនឱ្យមានរឿងដូច្នេះកើតឡើងទៀតទេ។ នាងពិតជាស្ដាយក្រោយជាមួយរឿងដែលបានកើតឡើងយ៉ាងខ្លាំង។ នាងឈប់ផឹកគ្រឿងស្រវឹង និងបានលក់រថយន្ដចោលហើយ។ នាងជាអ្នករកប្រាក់ចំណូលធំក្នុងគ្រួសារ វាពិតជាលំបាកខ្លាំងណាស់ទៅហើយនៅពេលនេះ សុំអភ័យទោស និងលើកលែងឱ្យនាងផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាស្រីរូបនេះបានបើកបររថយន្ដទាំងក្នុងស្ថានភាពស្រវឹង និងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ Gangnam ដែលធ្វើឱ្យចរន្ដអគ្គីសនីនៅតំបន់នោះបានដាច់អស់ ខណៈហាងជាច្រើនក្នុងតំបន់មិនអាចបើករកស៊ីបានព្រមទាំងបង្កការខូចខាតនានា។ អ្វីដែលធ្វើឱ្យនាងត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងនោះ ពេលកើតហេតុភ្លាមៗ នាងមានបំណងចង់រត់គេច និងមិនព្រមសហការតេស្ដជាតិស្រវឹងក្នុងខ្លួនឡើយ។ វាជាទង្វើមួយដែលត្រូវបានគេចាត់ទុកថាគ្មានទំនួលខុសត្រូវ និងជាគំរូមិនល្អមួយក្នុងនាមជាអ្នកសិល្បៈ៕
























Account
Security
Favourite Content