ឌៀប សូហ្វៀរ៉ា កូនខ្មែរកាត់រុស្ស៊ី ឆ្នាំ ២០២៤ នេះ យុវតីរូបនេះទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ តែបើនិយាយពីរូបសម្រស់វិញពិតស្អាតផូផង់មិនធម្មតាឡើយ ទាំងកម្ពស់ ទាំងមុខមាត់ និងស្នាមញញឹម ពិតជាមានភាពទាក់ទាញខ្លាំង។

ក្នុងឈុតរ៉ូបពណ៌ទឹកមាសឌិនផ្លេកៗ ជះពន្លឺចិញ្ចែងចិញ្ចាចថ្ងៃប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី Miss grand Cambodia 2024 សូហ្វៀរ៉ា បាននិយាយមកកាន់ AMS Infotainment ទាំងញញឹមញញែមអំពីគម្រោងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីនាពេលអនាគត។ ឌៀប សូហ្វៀរ៉ា បានប្រាប់ថា ជាការពិតខ្លួននឹងវិលត្រឡប់មកសារជាថ្មីម្ដងទៀត នៅពេលដែលនាងគ្រប់អាយុ និងត្រៀមអ្វីៗគ្រប់យ៉ាងរួចរាល់។ ការត្រៀមខ្លួនមកម្ដងទៀត សូហ្វៀរ៉ា ថាត្រូវតែមានទាំងសមត្ថភាព ចំណេះដឹង និងលក្ខខណ្ឌផ្សេងៗទៀត ដែលចាំបាច់ត្រូវតែមាន។ ដូច្នេះពេលគ្រប់អាយុ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ច្បាស់ណាស់ សូហ្វៀរ៉ា និងត្រឡប់មកអង្រួនវិស័យបវរកញ្ញាជាថ្មី។


យ៉ាងណាមិញ នៅពេលសួរថា តើកម្មវិធីធំៗ លំដាប់ពិភពលោកណា ដែល សូហ្វៀរ៉ា ចាប់អារម្មណ៍នោះ គឺនាងមិនទាន់អាចនិយាយបានទេ ដឹងត្រឹមថា មានពីរកម្មវិធីធំៗ ដែលខ្លួនសម្គាល់ឃើញនោះ គឺ Miss Grand និង Miss Universe។ ប៉ុន្តែឱ្យជ្រើសរើសថា នឹងចូលប្រកួតកម្មវិធី ណាមួយនោះ គឺមិនទាន់អាចកំណត់បានទេ រង់ចាំមើលសមត្ថភាពជាក់ស្ដែង ថាស័ក្ដិសមនឹងកម្មវិធីណា ដែលអាចតំណាងឱ្យកម្ពុជាឈានចូលលំដាប់ TOP លើឆាកអន្តរជាតិ។
ងាកមកការងារបច្ចុប្បន្នវិញ សូហ្វៀរ៉ា បានប្រាប់ថា កំពុងតែមមាញឹក នឹងការថតភាពយន្ត ព្រោះមានផលិតករជាច្រើនបានជ្រើសរើសឱ្យចូលសម្ដែងជាបន្តបន្ទាប់ ហើយការងារសិល្បៈផ្សេងៗទៀតក៏បន្តទទួលឱ្យតែជាការងារល្អៗ។


គួរឱ្យដឹងថា ឌៀប សូហ្វៀរ៉ា ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី «Miss Preteen Cambodia 2022» ដែលទទួលបានតំណែងលំដាប់រងទី២ ហើយនាងក៏ធ្លាប់ទទួលបានតំណែងលំដាប់រងទី២ ក្នុងការប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាបវរកញ្ញា «Little Miss Junior Idol 2023» នៅឯប្រទេសថៃផងដែរ៕




















































Account
Security
Favourite Content