កាលពីខែមុន Lisa សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងថ្មីមានចំណងជើង “ROCKSTAR” ដែលបទចម្រៀងនេះជាការចេញផ្សាយលើកដំបូងរបស់នាងបន្ទាប់ពីបានបង្កើតផលិតកម្មផ្ទាល់ខ្លួន LLoud និងជាបទចម្រៀងភាសាអង់គ្លេសដំបូងរបស់នាងផងដែរ។

នៅក្នុងបទ “ROCKSTAR” Lisa បានបង្ហាញពីការផ្លាស់ប្តូរស្ទីលជាច្រើន ខណៈវីដេអូចម្រៀងដែលថតនៅប្រទេសកំណើតរបស់នាងគឺប្រទេសថៃមានអ្នកចូលមើលលើស ១០០ លានដងយ៉ាងឆាប់រហ័ស។ មានសេចក្ដីរាយការណ៍ផងដែរថា Lisa បានចំណាយប្រាក់យ៉ាងច្រើនជាការប៉ះប៉ូវដល់អាជីវករផ្សាររាត្រីសម្រាប់ការថតវីដេអូបទនេះ ហើយអាជ្ញាធរទេសចរណ៍ថៃថែមទាំងបានប្រកាសពីគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីសម្រាប់ដើរកម្សាន្តនៅតំបន់ Yaowarat ទៀតបន្ទាប់ពីវីដេអូរបស់ Lisa បានចេញផ្សាយ។
ទោះជាយ៉ាងណា វិថីអាជីពទោលរបស់ Lisa ពេលនេះបានជាប់គាំងជាមួយនឹងការចោទប្រកាន់ពាក់ព័ន្ធការលួចចម្លងប្លង់មួយចំនួនក្នុងវីដេអូចម្រៀង “ROCKSTAR” ។ Gabriel Moses ដែលជាអ្នកដឹកនាំវីដេអូ និងជាផលិតករចម្រៀងមួយរូបនៅហូលីវូដ ថ្មីៗនេះបានបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ដោយប្រៀបធៀបឈុតមួយពីវីដេអូតន្ត្រី “FE!N” របស់ Travis Scott ដែលលោកបានដឹកនាំជាមួយឈុតមួយពីវីដេអូ “ROCKSTAR” របស់ Lisa និងបានអះអាងថា៖ “ពួកគេ (ក្រុមរបស់ Lisa) បានទាក់ទងទៅអ្នកកាត់តរបស់ខ្ញុំដើម្បីសុំសិទ្ធិសម្រាប់ឈុតនេះ។ អ្នកកាត់តរបស់ខ្ញុំបាននិយាយថា “ទេ” ប៉ុន្តែពួកគេនៅតែបន្តធ្វើវាចេញមកដដែល”។
ភាពស្រដៀងគ្នារវាងប្លង់ក្នុងបទ “FE!N” ដែលបានចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន និង បទ “ROCKSTAR” ដែលបានចេញផ្សាយខែមិថុនានេះ បាននាំឱ្យ Gabriel Moses ស្នើសុំសេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមហ៊ុនរបស់ Lisa ឱ្យបានមុនចុងខែនេះ។
ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានរាយការណ៍ពីការចោទប្រកាន់ពីបទលួចចម្លងនេះដែរ។ ក្នុងនោះសារព័ត៌មាន Khaosod បានរាយការណ៍ថា៖ “បទចម្រៀង ‘ROCKSTAR’ របស់ Lisa ត្រូវបានចោទប្រកាន់ពីបទលួចចម្លងវីដេអូចម្រៀងពីបទ ‘FE!N’ របស់ Travis Scott ដែលដឹកនាំដោយ Gabriel Moses ។ ការប្រៀបធៀបវីដេអូរបស់ Moses ជាមួយ ‘ROCKSTAR’ មើលទៅដូចជាការចម្លង”។
ខណៈពេលនេះគ្រប់គ្នាកំពុងរង់ចាំមើលថាតើក្រុមការងាររបស់ Lisa នឹងធ្វើការឆ្លើយតបបែបណា ចំពោះការស្នើសុំការបកស្រាយពីសំណាក់អ្នកដឹកនាំវីដេអូរបស់ Travis Scott ៕






















































Account
Security
Favourite Content