កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងប្រុសល្បីហុងកុង Kenneth Ma និងមិត្ដស្រីរបស់លោកគឺតារាស្រី Roxanne Tong បានចាប់ដៃគ្នាចូលរោងមង្គលរៀបការសាងគ្រួសារ។ មង្គលការរបស់អ្នកពីរមានការចូលរួមពីក្រុមគ្រួសារ មិត្ដជិតស្និទ្ធ និងមិត្ដក្នុងសិល្បៈមួយចំនួនផងដែរ។



មែនទែនទៅ តារាប្រុស Kevin Cheng ដែលត្រូវជាមិត្ដសម្លាញ់របស់ Kenneth Ma មិនត្រូវបានគេប្រទះឃើញចូលរួមឡើយ។ ជាមួយគ្នាដែរ តារាប្រុស Kevin Cheng ក៏ត្រូវបានមហាជនជាច្រើនរិះគន់ដូចព្យុះ ព្រោះមុនពិធីរៀបការ Kenneth Ma តួប្រុសរឿង “មេធាវីចិត្តធម៌” បាននិយាយក្នុងបទសម្ភាសន៍មួយថា លោកមិនបានចូលរួមឡើយ ខណៈវាគឺខាតពេលវេលារបស់លោក។
ស្របពេលជាមួយគ្នាដែរ តារាប្រុស Kenneth Ma ក៏បានចេញមុខការពារមិត្ដសម្លាញ់របស់ខ្លួនថា តារាប្រុសរូបនេះមានកូនតូចច្រើនត្រូវមើលថែ រីឯមង្គលការរបស់លោកមិនធ្វើនៅទឹកដីហុងកុងឡើយ វាមានការលំបាកសម្រាប់ Kevin Cheng ហើយលោកក៏មិនប្រកាន់ដែរ ប្រសិនបើមិនអាចចូលរួម។ មួយវិញទៀត Kevin Cheng ជាមនុស្សល្អងាយស្រួលចុះសម្រុង បើស្គាល់យូរនឹងយល់ច្បាស់ពីគេ។



ក្រឡេកមកមើលតារាប្រុស Kevin Cheng វិញ លោកក៏បានចេញមុខបកស្រាយពីរឿងនេះផងដែរ ចៀសវាការយល់ច្រឡំ និងមានរឿងវែងឆ្ងាយបន្ដ។ លោកបានលើកឡើងថា ខ្លួនបានសុំទោសដល់ Kenneth Ma រួចហើយ ហើយលោកពិតជាមានអារម្មណ៍មិនល្អ។ Kenneth Ma កំពុងជាប់រវល់ខ្លាំងទាំងរឿងមង្គលការ និងផ្សេងៗ តែត្រូវរំខានឲ្យគេមកចេញបកស្រាយចំពោះរឿងទាំងអស់នេះទៀត។
Kevin Cheng និង Kenneth Ma មានគម្រោងណាត់ជួបគ្នា ដើម្បីជប់លៀងអបអរមង្គលការរបស់លោកនៅឯហុងកុង។ លោកគិតថា រឿងទាំងអស់នេះមិនសមធ្វើឲ្យលោក និង Kenneth Ma មានអារម្មណ៍ស្មុគស្មាញឡើយ។ លោកក៏សុំទោសដល់អ្នកគ្រប់គ្នាដែលត្រូវចូលមកពាក់ព័ន្ធចំពោះពាក្យសម្ដីរបស់លោក។ Kevin Cheng បន្ថែមថា លោកគួរតែផ្លាស់ប្ដូររបៀបនិយាយពេលបញ្ចេញគំនិតជាសាធារណៈ ព្រោះវាអាចធ្វើឲ្យមានការយល់ច្រឡំក្លាយជារឿងស្មុគស្មាញ។


គួរបញ្ជាក់ថា តារាប្រុស Kevin Cheng និង Kenneth Ma ជាមិត្ដសម្លាញ់នឹងគ្នាជាយូរឆ្នាំមកហើយ អ្នកទាំងពីរតែងតែនិយាយរំឮកពីគ្នា និងថែមទាំងឧស្សាហ៍ដើរជួបជុំគ្នាផងដែរ។ ក្រោយពេលដែលតារាប្រុស Kevin Cheng មានគ្រួសារលោកក៏បានផ្ដោតលើការថែរក្សាគ្រួសារ និងមិនសូវមានពេលទំនេរជួបជុំតារាប្រុស Kenneth Ma និងមិត្ដភក្ដិរួមអាជីពដូចពីមុនឡើយ តែចំណងមិត្ដភាពរបស់អ្នកទាំងពីរនៅតែស្អិតល្មួតខ្លាំង៕



























Account
Security
Favourite Content