Katy Perry និងអតីតនាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានបណ្ដើរគ្នាចូលរួមនៅក្នុងកម្មវិធីខួបកំណើតក្នុងវ័យ ៤១ឆ្នាំរបស់តារាស្រីរូបនេះ នៅឯទីក្រុងប៉ារីស ក្រោយផ្ទុះការសង្ស័យពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរតាំងតែពីខែកក្កដា។

យោងតាមសារព័ត៌មាន Fox News តារាចម្រៀងអាមេរិក និងអ្នកនយោបាយវ័យ ៥៤ឆ្នាំរូបនេះ បានបង្ហាញវត្តមានជុំគ្នាជាផ្លូវការលើកដំបូង ដើម្បីចូលរួមទស្សនាការសម្ដែង Cabaret នៅឯសាលមហោស្រព Crazy Horse Paris ដែលជាផ្នែកមួយនៃការអបអរដល់ថ្ងៃខួបកំណើតរបស់ Katy Perry។
មុនថ្ងៃកម្មវិធីមួយថ្ងៃ ប្រភពម្នាក់បានប្រាប់អ្នកកាសែតថា Katy Perry ពិតជាចូលចិត្តទំនាក់ទំនងជាមួយនឹងលោក Justin Trudeau ខណៈមិត្តភក្ដិរបស់អ្នកទាំងពីរ ក៏គិតថា ពួកគេស័ក្ដិសមគ្នាដែរ។

ជាក់ស្ដែង សាធារណជនបានចាប់ផ្ដើមសង្ស័យថា Katy Perry និង Justin Trudeau កំពុងទាក់ទងគ្នាតាំងតែពីខែកក្កដាមកម៉្លេះ បន្ទាប់ពីមានការប្រទះឃើញអ្នកទាំងពីរទៅទទួលទានអាហារពេលល្ងាចជុំគ្នានៅឯទីក្រុង Montreal ប្រទេសកាណាដា។
នៅគ្រានោះ ក៏មានប្រភពជិតស្និទ្ធម្នាក់បានប្រាប់សារព័ត៌មាន Fox News ដែរថា៖ “Justin Trudeau ចូលចិត្តអត្តចរិតរបស់នាង (Katy Perry) ហើយពួកគេទាំងពីរនាក់ចូលចិត្តជជែកគ្នាពីនេះពីនោះណាស់។ ពួកគេពិតជាត្រូវដងត្រូវផ្លែគ្នាមែនទែន ហើយពួកគេក៏គ្រោងនឹងណាត់ជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះដែរ”។

គួររំឭកពីជីវិតគូរបស់អ្នកទាំងពីរផងដែរថា Katy Perry ធ្លាប់បានរៀបការជាមួយនឹងតារាកំប្លែង Russell Brand និងរួមរស់ជាមួយគ្នានៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២។ ក្រោយមក នាងក៏បានភ្ជាប់ពាក្យជាមួយនឹងតារាសម្ដែង Orlando Bloom នៅក្នុងឆ្នាំ ២០១៩ ដោយមានកូនស្រីម្នាក់ជុំគ្នា មុននឹងប្រកាសចែកផ្លូវគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២៥ នេះ។
ដោយឡែក Justin Trudeau ធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីប្រទេសកាណាដាចាប់ពីឆ្នាំ២០១៥ រហូតដល់ខែមីនា ឆ្នាំ២០២៥។ លោកធ្លាប់បានរៀបការជាមួយនឹងលោកស្រី Sophie Grégoire Trudeau ដោយមានកូនជុំគ្នាចំនួន ៣នាក់ មុននឹងលែងលះគ្នានៅក្នុងឆ្នាំ ២០២៣ ក្រោយរួមរស់អស់ពេល ១៨ឆ្នាំ៕


























Account
Security
Favourite Content