កាលពីយប់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ ក្រុមចម្រៀងនារីជើងចាស់ដ៏ល្បីបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ 32nd Seoul Music Awards។ វត្ដមានរបស់ក្រុមចម្រៀងនារីមួយនេះធ្វើឱ្យបណ្ដាអ្នកគាំទ្រស្រែកហោរកញ្ជ្រៀវ និងរំភើបយ៉ាងខ្លាំង ព្រោះវាពិតជាឱកាសកម្រមួយដែលក្រុមចម្រៀងជំនាន់ទី ២ របស់ខេប៉ុបមកចួលរួមច្រៀងយ៉ាងដូច្នេះ។

ក្នុងរាត្រីនោះដែរ ក្រុមចម្រៀង Kara បានច្រៀងចម្រៀងដល់ទៅ ៧ បទ រួមមានដូចជា Lupin, Step, Pandora, Damaged Lady, Mamma Mia, Mister និង When I Move។ ក្រៅពីការច្រៀង ក្រុមចម្រៀង Kara ក៏បានឈ្នះពានរង្វាន់មួយផងដែរគឺ “Kpop Special Award”។
នៅពេលឡើងទទួលពានរង្វាន់សមាជិកក្រុម Kara បានអរគុណទៅដល់ក្រុមការងារទាំងឡាយដែលបានចូលរួមចំណែកធ្វើឱ្យពួកនាងអាចមានឱកាសចេញចម្រៀងជុំគ្នាម្ដងទៀត និងមានឱកាសមកទទួលនូវពានរង្វាន់។
ថែមពីនេះ ក្រុមចម្រៀង Kara ក៏អរគុណដល់អ្នកគាំទ្រដែលតែងតែផ្ដល់កម្លាំងចិត្ត និងមិនទៅណាចោលគ្នា បើទោះជាក្រុម Kara ខកខានចេញបទចម្រៀងជុំគ្នា ៧ ឆ្នាំហើយក្ដី។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រដែលមានវត្ដមាននៅទីនោះស្រាប់តែមានអារម្មណ៍ក្ដុកក្ដួល សមាជិកក្នុងក្រុមបានរំឮកទៅដល់មិត្ដចាស់ Hara ដោយពួកគេបានលើកឡើងថា៖ មានមិត្តចាស់ម្នាក់ដែលមិនអាចមកចូលរួមជាមួយគ្នាក្នុងយប់នេះ ដូច្នេះចង់ចែករំលែកក្ដីរីករាយ និងពានរង្វាន់មួយនេះជាមួយគេ។
គួររំឮកថា អតីតសមាជិកក្រុម Kara គឺ Hara បានទទួលមរណៈភាពក្នុងឆ្នាំ ២០១៩ ដោយសារការធ្វើអត្ដឃាត។ បើទោះជាចាកចេញទៅឆ្ងាយហើយក្ដីប៉ុន្ដែទង្វើល្អៗ របស់នាងនៅតែត្រូវបានគេចងចាំ និងតែងត្រូវសមាជិកក្រុម Kara លើកមកនិយាយជារឿយៗ៕
























Account
Security
Favourite Content