តារាស្រីកូរ៉េមានប្រជាប្រិយភាព Kang Sora បានប្រកាសរៀបការជាមួយមិត្តប្រុសក្រៅសិល្បៈរបស់ខ្លួនកាលពីខែ សីហា ឆ្នាំ ២០២០ ខណៈរូបនាងទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់នៅពាក់កណ្ដាលឆ្នាំ ២០២១។ មែនទែនទៅ បន្ទាប់ពីរៀបការហើយ រូបនាងបានខកខានសម្ដែងក្នុងរឿងភាគ និងភាពយន្ដកុនផ្សេងៗមួយរយៈដើម្បីនៅមើលថែទាំកូនតូច និងគ្រួសារ។

ក្នុងបទសម្ភាសន៍កាលពីថ្មីៗ សម្រាប់រឿងភាគ “Stranger Again” Kang Sora បានទម្លាយពីអារម្មណ៍ពិបាកចិត្តរឿងឡើងគីឡូខ្លាំងក្រោយពេលសម្រាលកូនតូច ហើយវាធ្វើឱ្យនាងស្មុគស្មាញខ្លាំងព្រោះនាងក៏មិនចង់បោះបង់ការងារសិល្បៈចោល។ នាងបានលើកឡើងថា៖ នាងពិតជាចង់ស្រកគីឡូឱ្យបានឆាប់ ព្រោះនាងចង់ត្រឡប់មករកអាជីពជាតារាសម្ដែងរបស់ខ្លួន។
នាងបន្ដថា៖ នាងព្យាយាមធ្វើលំហាត់ប្រាណ ហាត់យូហ្គា និងទទួលទានអាហារសុខភាពដូចជាបន្លែ ផ្លែឈើជាដើម។ ចំណាយពេលមួយរយៈធំដែរទើបនាងអាចស្រកបានប្រមាណ ២០ គីឡូ។ ជាក់ស្ដែង នាងពិតជាភ័យខ្លាចដែលមិនអាចស្រកគីឡូ ឬត្រឡប់មកសម្ដែងរឿងវិញ ដោយសារតែបញ្ហាគីឡូ។

នាងបានបន្ដទៀតថា៖ នាងពិតជាអរគុណដល់ក្រុមការងាររឿងភាគ “Stranger Again” ដែលមានការអត់អោនអធ្យាស្រ័យច្រើនដល់រូបនាង ដោយសារតែនាងមានកូនតូចដូច្នេះដំណើរការថតពិតជាមិនស្រួលដូចមនុស្សនៅខ្លួនមួយឡើយ។
បន្ទាប់ពីបាត់មុខពីវិស័យរឿងភាគចាប់តាំងពីឆ្នាំ ២០១៨ តារាស្រី Kang Sora បានសន្យាថានឹង ព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន និងនាំយករឿងដែលកាន់តែមានគុណភាពមកជូនមហាជន៕























Account
Security
Favourite Content