ផលិតកម្មបងធំមួយក្នុងវិស័យចម្រៀងកូរ៉េគឺ JYP Entertainment បានបរិច្ចាគប្រាក់ ៣០០ លានវ៉ុន ស្មើនឹងជាង ២សែនដុល្លារ ដល់អង្គការសង្គ្រោះ និងអភិវឌ្ឍន៍អន្តរជាតិ Korea World Vision ដើម្បីជួយជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Korea Times កាលពីថ្ងៃទី៩ ខែមេសា បានឱ្យដឹងថាអំណោយនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ជាអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតសម្រាប់ភូមិទាំង១១ក្នុងរដ្ឋ Mandalay ដែលបានរងការបំផ្លិចបំផ្លាញខ្លាំងបំផុតដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗ បណ្ដាលឱ្យមនុស្សស្លាប់រហូតដល់ ៣៦០០នាក់ របួសជាង ៥០០០ នាក់ និងបាត់ខ្លួនប្រហែល ១៦០ នាក់គិតត្រឹមដើមសប្ដាហ៍នេះ។ ទន្ទឹមនេះ ជំនួយរបស់ JYP ក៏នឹងត្រូវប្រើប្រាស់សម្រាប់ថ្លៃព្យាបាលកុមារ និងថ្លៃថែទាំសុខភាពផ្លូវចិត្ត ដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ផងដែរ។

ផលិតកម្មដែលជាទ្រនំរបស់សិល្បករខេប៉ុបល្បីៗដូចជា 2PM, Stray Kids, Twice និង ITZy បាននិយាយថា៖ “ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដែលបានបាត់បង់ជីវិត បាត់បង់ក្រុមគ្រួសារ និងផ្ទះសម្បែងក្នុងគ្រោះមហន្តរាយនេះ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ជំនួយសម្រាប់ថ្លៃព្យាបាលនេះនឹងជួយកុមារ និងក្រុមគ្រួសាររបស់ពួកគេឱ្យបានជាសះស្បើយពីឧបទ្ទវហេតុ និងបានវិលត្រលប់មកកាន់ជីវិតធម្មតាឡើងវិញក្នុងពេលឆាប់ៗ”។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១ មក ផលិតកម្ម JYP Entertainment បានផ្តោតលើទំនួលខុសត្រូវសង្គមដោយតែងផ្ដល់ជំនួយដល់អង្គការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ រួមទាំងជួយឧបត្ថម្ភថ្លៃព្យាបាលកុមារនៅក្រៅប្រទេសតាមរយៈគម្រោង CSR របស់ក្រុមហ៊ុនមានឈ្មោះថា EDM ដែលមកពីពាក្យពេញ Every Dream matters! មានន័យថា រាល់ក្តីស្រមៃក្នុងពិភពលោកគឺមានតម្លៃ។ គម្រោងនេះបានផ្ដល់ជំនួយដល់ប្រទេសជាច្រើនដូចជាម៉ុងហ្គោលី បង់ក្លាដែស វៀតណាម ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ម៉ិកស៊ិក និងប្រេស៊ីល។
ដូចគ្នាដែរសម្រាប់គ្រោះមហន្តរាយនៅប្រទេសកូរ៉េខាងត្បូង ដោយត្រលប់ទៅឆ្នាំ ២០២០ ពួកគេបានបរិច្ចាគ ៥០០ លានវ៉ុន ឬ ៣៤ ម៉ឺនដុល្លារ ដើម្បីការពារការរីករាលដាលជំងឺ COVID-19 ហើយនៅឆ្នាំ ២០២២ និង ២០២៥ ពួកគេបានបរិច្ចាគច្រើនជាង ៥០០ លានវ៉ុនក្នុងមួយលើកៗ ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ ៕
























































Account
Security
Favourite Content