អាចនិយាយថាទទួលបានជោគជ័យខ្លាំងសម្រាប់សកម្មភាពទោលរបស់ Jungkook សមាជិកកូនពៅក្រុម BTS ដែលបទ “Standing Next to You” ពីអាល់ប៊ុមទោល “GOLDEN” បានឡើងដល់ចំណាត់ថ្នាក់កំពូលនៅលើតារាងតន្ត្រីពិភពលោកជាបន្តបន្ទាប់មិនចាញ់បទ “Seven” និង “3D” ដែលចេញមុននេះនោះទេ។ មិនតែប៉ុណ្ណោះ អាល់ប៊ុម GOLDEN ក៏បានបានបំបែកកំណត់ត្រាអាល់ប៊ុមទោលដែលមានការស្ដាប់ច្រើនបំផុតដោយសិល្បករកូរ៉េនៅលើ Spotify សមស្របតាមចេតនានៃការចេញបទចម្រៀងទាំង ១១ បទជាភាសាអង់គ្លេសដើម្បីអាចជ្រាបទៅដល់អ្នកគាំទ្រទូទាំងពិភពលោក។

ហើយថ្មីៗនេះ Jungkook ក៏បានបង្ហាញខ្លួនក្នុងកម្មវិធី ‘The Tonight Show Starring Jimmy Fallon’ ដែលជាកម្មវិធីជជែកកម្សាន្តដ៏ល្បីនិងមានអ្នកទស្សនាច្រើនជាងគេនៅអាមេរិក។ ក្នុងនោះ រូបគេបាននិយាយអំពីជីវិតជាសិល្បករក្នុងឋានៈសមាជិកក្រុម BTS និងការបង្កើតអាល់ប៊ុម “GOLDEN” នៅពេលនេះ។ សំណួរមួយដែលធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោខ្លាំងជាងគេគឺនៅពេល Jimmy និយាយថា “តើយើងអាចនិយាយបានទេថានឹងមាន Golden World Tour នាពេលអនាគត?” ហើយ Jungkook បានឆ្លើយតបភ្លាមៗថា “ពិតណាស់ខ្ញុំចង់មានពិតជាចង់ធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោកក្នុងនាមជាសិល្បករទោល”។
បើទោះបីជា Jungkook និយាយបន្តថាបទចម្រៀងរបស់គេមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រគំតន្ត្រីទោលក៏ដោយ ប៉ុន្តែនេះជាការរំលឹកមួយទៀតដែលបង្ហាញថារូបគេពិតជាចង់ទៅជួបផ្ទាល់ជាមួយអ្នកគាំទ្រនៅជុំវិញពិភពលោកក្នុងនាមជាសិល្បករទោលពិតប្រាកដ។ ប្រការនេះធ្វើឱ្យ ARMYs ជាច្រើនបញ្ចេញមតិគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីទន្ទឹងរង់ចាំការប្រកាសពីការប្រគំតន្ត្រីនាពេលអនាគតរបស់ Jungkook ទាំងអស់គ្នា ៕
























Account
Security
Favourite Content