តារាសម្តែងពូកែវោហាសព្ទកំប្លុកកំប្លែង លោក ចន អេឡិចហ្សូរ៉ា មើលទៅហាក់មិនខ្វល់ពិរឿងស្នេហាប្រេះស្រាំដែលគេនិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ្វីនោះឡើយ ដោយរយៈពេលចុងក្រោយនេះ គេឃើញលោកខំប្រឹងពង្រឹងការងារសិល្បៈយ៉ាងពេញទំហឹងតែម្តង។ តួយ៉ាង លោកបានចេញមុខតាមកម្មវិធីសិល្បៈមួយចំនួន និងតែងតែលេចវត្តមានក្នុងកម្មវិធីតូច-ធំរបស់អ្នកសិល្បៈមិនខាននោះឡើយ។ លើសពីនេះ លោកក៏ឆ្លៀតពេលថតរឿងអប់រំខ្លីៗមួយចំនួនជាមួយតារាសម្តែងចាស់ក្មេង មកបង្ហោះលើហ្វេសប៊ុកឱ្យហ្វេនៗបានទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។

គួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត តារាសម្តែងរូបនេះក៏ឆ្លៀតសម្ងំថតរឿងដុំសម្រាប់ចាក់ក្នុងរោងភាពយន្តផងដែរ ចំណងជើង «តំណក់ទឹកភ្លៀង» «3/3 ជួបគ្នាម្ដងទៀត – Hello Again» ជាស្នាដៃផលិតរបស់ អភិហ្វៀម។
នេះចាត់ទុកជាស្នាដៃថ្មីមួយទៀតរបស់តារាសម្តែង អេឡិចហ្សូរ៉ា ព្រោះគេខានឃើញលោកលេចមុខក្នុងភាពយន្តដុំជាយូរមកហើយ។ រឹតតែពិសេសជាងនេះ គឺរឿងនេះជាប្រភេទរឿងស្នេហាបុរសស្រលាញ់បុរស (BL/Boy Love) ដែលលោកត្រូវសម្តែងជាមួយកំលោះសង្ហាសាច់ដុំកង់ៗ ប៉ែន ភ័ក្រសុធារិទ្ធិ។

ការសម្តែងរឿងនេះ អាចជារសជាតិថ្មីសម្រាប់ហ្វេនៗអ្នកគាំទ្រលោក និងក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ព្រោះបច្ចុប្បន្នរឿងប្រភេទនេះកំពុងវាយលុកទីផ្សារខ្លាំងមិនចាញ់រឿងស្នេហាប្រុសស្រីនោះឡើយ។ គេមិនទាន់ឃើញតារាសម្តែងរូបនេះ មានមតិយោបល់អ្វីលើស្នាដៃថ្មីនេះឡើយ ខណៈរឿងនេះត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តនាឆាប់ៗនេះ ៕























Account
Security
Favourite Content