បន្ទាប់ពីសមាជិកកូនបងទាំងពីររូបរបស់ក្រុមចម្រៀង BTS គឺ Jin និង J-Hope បានចូលបម្រើកងទ័ពជាផ្លូវការ មហាជន និងអ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលការសម្រេចចិត្តរបស់សមាជិក ៥ រូបទៀតថាតើពួកគេសម្រេចចូលបម្រើកងទ័ពមុនកាលកំណត់អាយុរបស់ពួកគេ ឬចាំរហូតដល់កាលកំណត់។ តែយ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនសង្ឃឹមថា សមាជិកផ្សេងទៀតកុំទាន់ចូលបម្រើកងទ័ពដោយនៅបន្ដមានសកម្មភាព ឬបញ្ចេញចម្រៀងថ្មីជាដើម។

យោងតាមប្រភពព័ត៌មានផ្ទៃក្នុងបានឱ្យដឹងថា បន្ទាប់ពី Suga បញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍ និង Jungkook បញ្ចប់សកម្មភាពរបស់ខ្លួន សមាជិក BTS ដែលនៅសេសសល់មានគម្រោងនឹងចូលបម្រើកងទ័ពទាំងអស់មុនដាច់ឆ្នាំ ២០២៣។ បើទោះជា JungKook និង V នៅមិនទាន់គ្រប់អាយុក៏ដោយប៉ុន្ដែពួកគេទាំងអស់គ្នាសម្រេចចិត្តថានឹងចូលបម្រើកងទ័ពមុនកាលកំណត់។ ចំពោះមូលហេតុគឺដើម្បីឆាប់បានត្រឡប់មកវិញ ដើម្បីជួបជុំគ្នាជាក្រុម និងបញ្ចេញបទចម្រៀងរួមគ្នាថ្មី។

អ្នកគាំទ្រ និងមហាជនជាច្រើនបានលើកឡើងថា ប្រសិនបើដំណឹងនេះជាការពិតវាជាគំនិតល្អមួយ ព្រោះសមាជិកទាំង ៧ រូបនឹងអាចមកជួបជុំគ្នាសារជាថ្មីក្នុងឆ្នាំ ២០២៥ ខាងមុខ។ ស្របពេលដែលសមាជិក BTS ធ្លាប់បានលើកឡើងថា ពួកគេនឹងមកជួបជុំគ្នាវិញនៅគម្រប់ខួប ១២ ឆ្នាំនៃការចេញច្រៀងជាផ្លូវការរបស់ក្រុម ពោលគឺនៅឆ្នាំ ២០២៥ នេះតែម្ដង។

គួរបញ្ជាក់ដែរថា តាមច្បាប់របស់ប្រទេសកូរ៉េខាងត្បូង បុរសដែលគ្រប់អាយុ ២៨ ឆ្នាំនឹងត្រូវចូលបម្រើកងទ័ពរយៈពេល ១៨ ខែ។ សម្រាប់ BTS ត្រូវបានរដ្ឋាភិបាលពន្យារពេលឱ្យពួកគេឈានដល់អាយុ ៣០ ឆ្នាំទើបចូលបម្រើកងទ័ពប៉ុន្ដែសមាជិកខ្លះក៏បានចូលបំពេញកាតព្វកិច្ចខ្លួនមុនកាលកំណត់ផងដែរ៕
























































Account
Security
Favourite Content