Jimin សមាជិកក្រុម BTS បានបរិច្ចាគប្រាក់ដើម្បីការងារមនុស្សធម៌ ខណៈដែលខ្លួនកំពុងបម្រើយោធាម្តងទៀត ដោយលើកនេះលោកបានបរិច្ចាគ ១០០ លានវ៉ុន (ប្រហែល ៧ ម៉ឺនដុល្លារ) ដើម្បីជួយឧបត្ថម្ភដល់ទាហាននិងគ្រួសាររបស់ពួកគេជាពិសេស។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា អង្គការ Chungnam Community Chest នៃប្រទេសកូរ៉េបានប្រកាសថា Jimin បានបរិច្ចាគ ១០០ លានវ៉ុន ដល់មូលនិធិ Dedication to the Nation, Love for Comrades Fund ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៨។ អង្គការមួយនេះបានបង្ហើបថា អំណោយរបស់ Jimin នឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ និងជួយដល់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ទាំងសម្រាប់ការចំណាយលើការរស់នៅ ថ្លៃថ្នាំ និងការព្យាបាល រហូតដល់ផ្តល់អាហារូបករណ៍ដល់អ្នកដែលលះបង់ដើម្បីជាតិ រួមទាំងគ្រួសាររបស់អ្នកទាំងនោះផងដែរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ Jimin បានបរិច្ចាគប្រាក់យ៉ាងច្រើនដល់សង្គម ដោយក្នុងឆ្នាំ ២០២១ លោកបានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការ Rotary International សម្រាប់ការជួយសង្គ្រោះអ្នកជំងឺគ្រុនស្វិតដៃជើងទូទាំងសកលលោក ក្នុងឆ្នាំ ២០២២ បានបរិច្ចាគ ១០០ លានវ៉ុនដល់ការិយាល័យអប់រំ Gangwon ហើយក្នុងឆ្នាំ២០២៣ ក៏បានបរិច្ចាគ ១០០ លានវ៉ុនទៀតដល់អង្គការយូនីសេហ្វ ដើម្បីជួយកុមារនៅក្នុងប្រទេសតួកគី និងស៊ីរីដែលរងគ្រោះដោយការរញ្ជួយដី ព្រមទាំងបានបរិច្ចាគ ១០០ លានវ៉ុនទៀតទៅការិយាល័យអប់រំ Chungbuk ជាការអបអរសាទរការចេញអាល់ប៊ុមទោលរបស់ខ្លួនផងដែរ។
លើសពីនេះ Jimin ក៏បានបរិច្ចាគប្រាក់ដល់វិទ្យាល័យ Busan Arts ជាកន្លែងដែលលោកបានចូលរៀនច្រើនជាង ១,២ លានដុល្លារ និងបានផ្តល់អាហារូបករណ៍ជាច្រើនផងដែរដល់វិទ្យាស្ថានបច្ចេកវិទ្យា Dong-Eui នៅទីក្រុង Busan។ ជាងនេះទៅទៀត កាលពីខែឧសភាកន្លងទៅនេះ ឪពុករបស់តារារូបនេះក៏បានបរិច្ចាគ ១០០ លានវ៉ុន ទៅការិយាល័យអប់រំ Gyeongnam ក្រោមឈ្មោះ Jimin ដើម្បីជួយកុមារក្រីក្រ ព្រមទាំងការអភិវឌ្ឍបរិយាកាសអប់រំសម្រាប់កុមារ ៕

























Account
Security
Favourite Content