ក្រោយប្រកាសចាកចេញពីផលិតកម្ម YG និងងាកមកគ្រប់គ្រងសកម្មភាពទោលរបស់ខ្លួន អ្វីដែលអ្នកគាំទ្ររបស់ Jennie សមាជិកក្រុម BLACKPINK ទន្ទឹងរង់ចាំយ៉ាងខ្លាំងនោះគឺការបញ្ចេញបទចម្រៀងថ្មីរបស់នាង។ ស្របពេលជាមួយគ្នាដែរ ក៏មានលេចដំណឹងថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះនឹងត្រៀមបញ្ចេញចម្រៀងជាមួយតារាប្រុសខេប៉ុប Zico។

យោងតាមប្រភព Naver បានឲ្យដឹងថា Jennie នឹងបញ្ចេញចម្រៀងថ្មី ជាមួយតារាប្រុស Zico សម្រាប់គម្រប់ខួបចេញច្រៀងអស់រយៈពេល ១០ ឆ្នាំ។ សម្រាប់ចម្រៀងត្រូវបានរាយការណ៍ថា នឹងបញ្ចេញនៅចុងខែ មេសា ឆ្នាំ ២០២៤ ខាងមុខ។ មិនត្រឹមតែបញ្ចេញសំនៀងក្នុងបទចម្រៀងរបស់ Zico តែលើសពីនេះ Jennie ក៏នឹងបង្ហាញខ្លួនក្នុងវីដេអូចម្រៀងផងដែរ។



បើតាមប្រភពដដែលបានឲ្យដឹងថា Zico បានស្នើសុំឲ្យ Jennie បង្ហាញវត្ដមានក្នុងចម្រៀងរបស់ខ្លួន។ ដោយការរាប់អានជិតស្និទ្ធរបស់អ្នកទាំងពីរ Jennie បានយល់ព្រមដើម្បីជាការគាំទ្រដល់មិត្តសម្លាញ់របស់នាង។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានអារម្មណ៍រំភើបរីករាយ ខណៈសង្ឃឹមថាវាជាការពិត ដោយសារទេពកោសល្យរបស់អ្នកទាំងពីរ នឹងមកអង្រួនវិស័យខេប៉ុប និងឆាកតន្ដ្រីម្ដងទៀតឲ្យកាន់តែមានភាពរស់រវើក។ តែទោះជាយ៉ាងណាក្ដី ភ្លាមៗនោះគឺមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីទាំងសងខាងឡើយ ៕


























Account
Security
Favourite Content