ជាតារារ៉េបដំបូងគេក្នុងលោកដែលក្លាយជាមហាសេដ្ឋីកាលពី ៤ឆ្នាំមុន បច្ចុប្បន្ននេះ Jay-Z ក៏ក្លាយជាតារារ៉េបដែលមានទ្រព្យសម្បិត្តិ ២,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ទស្សនាវត្ដី Forbes ។
Jay-Z បានក្លាយជាមហាសេដ្ឋីរ៉េបក្នុងឆ្នាំ ២០១៩ ដោយសារការកាន់កាប់ភាគហ៊ុន ស្រាសំប៉ាញ Armand de Brignac និង D’Usse cognac ដែលមានតម្លៃជាង ៤០០ លានដុល្លារនៅពេលនោះ ព្រមជាមួយការវិនិយោគលើអចលនទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់នៅទីក្រុង New York និង Los Angeles ។

ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមួយផ្នែកដោយសារ ការរីកចម្រើននៃក្រុមហ៊ុនកម្សាន្តឈ្មោះថា Roc Nation, ការលក់សេវាកម្មស្ទ្រីម Tidal ក៏ដូចជាការវិនិយោគជាច្រើននៅក្នុងក្រុមហ៊ុនរួមទាំង Uber ផងដែរ។
ទស្សនាវដ្ដី Forbes បានសន្និដ្ឋានថាទ្រព្យសម្បត្តិរបស់ Jay-Z មានចំនួន ១,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយទ្រព្យសម្បត្តិរបស់លោកគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទី ១២១០ នៅលើពិភពលោក។
ក្រៅពីការផលិតតន្ត្រី Jay-Z គឺជាតារាចម្រៀងដ៏វៃឆ្លាតបំផុតមួយរូបក្នុងការវិនិយោគ ដែលផ្ទុយពីតារាល្បីៗជាច្រើនដែលចំណាយប្រាក់ដែលពួកគេរកបានទៅលើភាពហ៊ឺហា និងការសប្បាយ។ កាលពីឆ្នាំ ២០១០ មហាសេដ្ឋី និងជាបិតាវិនិយោគរបស់អាមេរិក លោក Warren Buffett ធ្លាប់បាននិយាយថា មិនយូរទេ ក្មេងៗជំនាន់ក្រោយនឹងសុំដំបូន្មានពី Jay-Z ជុំវិញការរកលុយរបស់ពួកគេ។
លោក Buffett បន្តថា «Jay នឹងបង្រៀននៅក្នុងថ្នាក់ធំជាងដែលខ្ញុំធ្លាប់បង្រៀន សម្រាប់មនុស្សវ័យក្មេង គាត់គឺជាមនុស្សដែលគួររៀនតាម»៕

























Account
Security
Favourite Content