IU ជាតារាចម្រៀងទោលមានឈ្មោះបោះសំឡេងម្នាក់ ហើយម្ចាស់បទ “Love wins all” ក៏ជានិមិត្ដរូបរបស់តារាខេប៉ុបជាច្រើនដោយសារតែសមត្ថភាព និងអត្ដចរិតដ៏ល្អរបស់នាង។ តារាស្រីវ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា ជាតារាស្រីទោលដ៏ជោគជ័យម្នាក់ ព្រមទាំងបំបែកកំណត់ត្រាជាច្រើន។ លើសពីនេះនាងក៏ជាតារាស្រីខេប៉ុបម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនផងដែរ ដោយបច្ចុប្បន្នក្នុងដៃច្រើនជាង ៤០ លានដុល្លារអាមេរិក។

ថ្មីៗ នេះ IU បានទម្លាយប្រាប់អ្នកគាំទ្រ និងមហាជន ពីជីវិត និងស្ថានភាពរបស់នាងកំឡុងពេលនាងចាប់ផ្ដើមអាជីពសិល្បៈដំបូង។ នាងបានលើកឡើងថា មានម្ដងនាងធ្លាប់ចង់ចែកនំចំណីដល់ក្រុមការងារ នាងរៀបវេចខ្ចប់អាហារទាំងនោះយ៉ាងរៀបរយស្អាតបាត ប៉ុន្ដែគ្រប់យ៉ាងមិនដូចនាងគិតទេ។ បរិយាកាសធ្វើឲ្យនាងមានអារម្មណ៍មិនស្រណុកចិត្ដ ទើសទាល់ ចុងក្រោយនាងក៏សម្រេចញ៉ាំអាហារទាំងអស់នោះដោយខ្លួនឯងវិញ។ នាងធ្លាប់ទិញអាហារជាច្រើនដង ជូនដល់អ្នកដែលធ្លាប់ធ្វើការជាមួយនាង តែចុងក្រោយគ្មាននរណាម្នាក់ហូបរបស់ទាំងនោះឡើយ ទីបំផុតនាងក៏សម្រេចចិត្ដឈប់ធ្វើរឿងទាំងនេះ។

IU ក៏បានទម្លាយទៀតថា បើសួរនាងមានបញ្ហាស្ដ្រេស ឬធ្លាប់សម្រក់ទឹកភ្នែកទេ? ពិតណាស់គឺនាងធ្លាប់។ ធ្លាប់មានពេលជាច្រើនដែលនាងចាប់ផ្ដើមរលីងរលោង ស្រក់ទឹកភ្នែក ពេលទៅដល់ផ្ទះ ដោយសារតែនាងមានអារម្មណ៍ហត់នឿយ។ ភាពហត់នឿយខ្លាំងរហូតធ្វើឲ្យនាងមិនដឹងថាខ្លួនឯងពិបាកចិត្ដ ឬអត់។ នាងជឿថា មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបអារម្មណ៍បែបនេះ។

នាងបន្ថែមថា នាងធ្លាប់អស់សង្ឃឹមខ្លាំង ក្រោយមកធ្លាប់ត្រូវគេស្ដីឲ្យ និងបន្ទោស បើទោះជានាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក៏ដោយ។ នាងធា្លប់ត្រូវគេតិះដៀល មានរូបរាងដូចជាសត្វជ្រូក។ នាងធ្លាប់មានអារម្មណ៍ថា ច្រៀងលើឆាកតែ ៣ នាទី តែដូចច្រៀងជាច្រើនម៉ោង ដោយសារសម្ពាធ។
គួរបញ្ជាក់ថា IU ជាតារាស្រីម្នាក់ដែលត្រូវបានអ្នកគាំទ្រ និងមហាជនលើកឡើងថា មានការតស៊ូខ្លាំង នាងបានចេញច្រៀងជាផ្លូវការក្នុងឆ្នាំ ២០០៨។ នាងចំណាយពេលជាង ១៦ ឆ្នាំទើបមានភាពល្បីល្បាញជុំវិញពិភពលោកដូចសព្វថ្ងៃ៕


























Account
Security
Favourite Content