ទើបតែបញ្ចប់ថ្មីៗនេះប៉ុណ្ណោះសម្រាប់ការប្រគំតន្ត្រី H.E.R ដែលជាការប្រគំតន្ត្រីទោលដ៏ធំរបស់តារាចម្រៀងស្រីសំណព្វចិត្តហ្វេនខេប៉ុប IU ជាមួយនឹងការសម្តែងសរុបចំនួន ៤ ថ្ងៃនៅទីក្រុងសេអ៊ូល ដែលប្រមូលផ្តុំទៅដោយបទចម្រៀង និងការចូលរួមពីសំណាក់ភ្ញៀវពិសេសៗជាច្រើនដែលធ្វើឱ្យទស្សនិកជនជក់ចិត្តជាខ្លាំង។ ហើយប្រាកដណាស់ IU រៀបចំការប្រគំតន្ត្រីធំម្ដង មិត្តរួមអាជីពរបស់នាងទាំងតារាចម្រៀង និងតារាសម្ដែងក៏បានមកគាំទ្រផ្ដល់កម្លាំងចិត្តជាច្រើននាក់ ហើយម្នាក់ក្នុងចំណោមពួកគេគឺ Lee Joon Ki ដែលជាដៃគូរបស់ IU ក្នុងរឿង “Moon Lovers” ។

រឿងភាគដែលត្រូវបានគេស្គាល់ផងដែរតាមរយៈចំណងជើង “Scarlet Heart Ryeo” បានចាក់ផ្សាយតាំងពីឆ្នាំ ២០១៦ តែដោយសារ Chemistry សមគ្នាឥតខ្ចោះរបស់តួឯកស្រី Hae Soo នារីវ័យក្មេងម្នាក់ដែលបានឆ្លងទៅសម័យបុរណ និងព្រះអង្គម្ចាស់ Wang So ធ្វើឱ្យរឿងនេះក្លាយជារឿងភាគមួយដែលដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រ។ ជាច្រើនឆ្នាំកន្លងផុតនៅតែមានទស្សនិកជនស្រក់ទឹកភ្នែកដោយសាររឿងនេះ ហើយគ្រប់គ្នានៅតែសង្ឃឹមថាទំនាក់ទំនងរបស់តួអង្គទាំងពីរនឹងអាចបន្តនៅក្នុងពិភពលោកបច្ចុប្បន្ន។


ការលើកទឹកចិត្តគ្នារបស់តារាទាំងពីរដួងលើកនេះបានផ្ដល់អារម្មណ៍រំភើបជាខ្លាំងសម្រាប់អ្នកគាំទ្រដែលកំពុងទន្ទឹងចង់ឃើញវគ្គទីពីរនៃរឿងភាគនេះ។ អ្វីដែលសំខាន់ អ្នកទាំងពីរបានថតរូបក្នុងស្ទីលដូចគ្នាដែលពួកគេធ្លាប់ថតពេលនៅពេល IU ប្រគំតន្ត្រីកន្លងមកដូចជាការប្រគំតន្ត្រី dlwlrma ក្នុងឆ្នាំ ២០១៨ និងការប្រគំតន្ត្រី The Golden Hour ក្នុងឆ្នាំ ២០២២ ដែលអាចចាត់ទុកថាជាទំនាក់ទំនងក្រៅឆាកដែលគួរឱ្យស្រលាញ់ និងត្រូវបានអ្នកគាំទ្រកោតសរសើរសម្រាប់មិត្តភាពមិនប្រែប្រួលរបស់ពួកគេ ៕





























































Account
Security
Favourite Content