IU បានចូលរួមជាមួយសិល្បករនិងសិល្បការិនីកូរ៉េជាច្រើនទៀតក្នុងការបរិច្ចាគសម្រាប់ហេតុការណ៍ភ្លើងឆេះព្រៃក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃទី ២៦ ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានបញ្ជាក់ថា តារាចម្រៀង និងសម្តែង IU បានបរិច្ចាគប្រាក់សរុបចំនួន ២០០ លានវ៉ុន ស្មើនឹងប្រមាណ ១៣៦ ០០០ ដុល្លារ ដោយក្នុងនោះ ១០០ លានវ៉ុនគឺសម្រាប់ជនរងគ្រោះដោយភ្លើងឆេះព្រៃ និង ១០០ លានវ៉ុនទៀត ដើម្បីសម្រួលការងារសម្រាប់អ្នកពន្លត់អគ្គីភ័យ។
តាមរយៈការបរិច្ចាគនេះ IU បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា ថវិកានេះអាចផ្តល់ជំនួយតិចតួចដល់អ្នកដែលរងផលប៉ះពាល់ ហើយខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះទាំងអស់។ ខ្ញុំសូមបួងសួងឱ្យភ្លើងឆេះព្រៃត្រូវបានពន្លត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយគ្មានអ្នករងគ្រោះបន្ថែមទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់អ្នកពន្លត់អគ្គីភ័យទាំងអស់ដែលធ្វើការដោយមិននឿយហត់ដើម្បីពន្លត់ភ្លើង”។

ទន្ទឹមនេះដែរ នៅថ្ងៃទី២៧ ខែមីនានេះ ក្រុមចម្រៀង SEVENTEEN ក៏បានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានវ៉ុន (ប្រហែល ៦៨២ ០០០ ដុល្លារ) ផលិតកម្ម JYP បានបរិច្ចាគ ៥០០ លានវ៉ុន (ប្រហែល ៣៤១ ០០០ ដុល្លារ) ក្រុមចម្រៀង IVE បានបរិច្ចាគ ២០០ លានវ៉ុន (ប្រហែល ១៣៦ ០០០ ដុល្លារ)។
គិតត្រឹមព្រឹកថ្ងៃ២៧ ខែមីនា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ២៤ នាក់ ដោយក្នុងនោះមានអ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យម្នាក់បានស្លាប់នៅពេលឧទ្ធម្ភាគចក្ររបស់គេបានធ្លាក់ខណៈកំពុងធ្វើប្រតិបត្តិការកាលពីថ្ងៃពុធ។

ក្រៅពីនេះ ក៏មានសិល្បករជាច្រើនទៀតបានចូលរួមបរិច្ចាគផងដែរ ដូចជាតារាចម្រៀងនិងសម្ដែង Bae Suzy សមាជិក BTS J-hope និង Suga, សមាជិក Girls’ Generation Taeyeon, តារាសម្ដែង Byeon Woo Seok តារាសម្ដែង Lee Jong Suk តារាចម្រៀង Park Seo Jin សមាជិក Red Velvet Seulgi, សមាជិក NCT Mark បានបរិច្ចាគប្រាក់ក្នុងម្នាក់ៗចំនួន ១០០ លានវ៉ុនឬស្មើនឹង ៦៨០០០ ដុល្លារ ដូចគ្នាសម្រាប់ជួយដល់អ្នករងផលប៉ះពាល់។
សមាជិកក្រុម NCT Haechan ព្រមទាំងតារាសម្ដែងស្រី Park Bo-young និង Go Min-si បានបរិច្ចាគម្នាក់ ៥០ លានវ៉ុន ឬ ៣៤០០០ ដុល្លារដើម្បីជួយដល់ក្រុមសង្គ្រោះ ស្របពេលតារាសម្ដែងស្រី Go Youn-jung និង Lee Hye-ri ក៏បានបរិច្ចាគថវិកាម្នាក់ ៥០ លានវ៉ុនដូចគ្នា ដើម្បីជួយជនរងគ្រោះ។
រដ្ឋាភិបាលបាននិយាយថា ភ្លើងឆេះព្រៃដ៏សាហាវដែលបង្កឡើងដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតហែងបានរីករាលដាលយ៉ាងឆាប់រហ័សចាប់ពីថ្ងៃសៅរ៍ និងបានបង្ខំមនុស្សជាង ២៧០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះ សាលារៀនជាច្រើនត្រូវបិទ ព្រមទាំងបានបង្ខំឱ្យអាជ្ញាធរត្រូវផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ។ មិនតែប៉ុណ្ណោះ តំបន់បេតិកភណ្ឌពិភពលោកជាច្រើនរបស់អង្គការយូណេស្កូ ដូចជាភូមិ Hahoe និងរមណីយដ្ឋាន Byeongsan Confucian Academy ក្នុងទីក្រុង Andong ក៏ត្រូវប្រឈមការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃលើកនេះដែរ ៕

























































Account
Security
Favourite Content