ថ្មីៗនេះ Lia សមាជិកក្រុមតារាចម្រៀងនារីITZY បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយបែកធ្លាយព័ត៌មានបរិច្ចាគប្រាក់ជាសម្ងាត់យ៉ាងច្រើនដល់មូលនិធិមជ្ឈមណ្ឌលមហារីកនៅប្រទេសកូរ៉េខាងត្បូង ខណៈនាងកំពុងសម្រាកព្យាបាលជំងឺថប់បារម្ភ។

ការលេចឮដំណឹងមួយនេះផងដែរត្រូវបានឱ្យដឹងតាមរយៈប្រធានមូលនិធិមជ្ឈមណ្ឌលជាតិជំងឺមហារីក Seo Hong Kwan ដោយលោកបានលាតត្រដាងថា Lia បានបរិច្ចាគប្រាក់ចំនួន ៣០ លានវ៉ុន (ជាង ២៣០០០ ដុល្លារអាមេរិក) តាមរយៈផលិតកម្ម JYP Entertainment ។


គោលបំណងនៃការសម្រេចចិត្តផ្ដល់មូលនិធិនេះគឺនាងមិនត្រឹមតែចង់ឱ្យមានផលវិជ្ជមានខ្ពស់ក្នុងឧស្សាហកម្មកម្សាន្ដប៉ុណ្ណោះ ប៉ុន្តែនាងចង់ជួយទៅដល់កុមារ និងមនុស្សវ័យជំទង់ដែលកំពុងមានជំងឺមហារីកហើយប្រឈមមុខជាមួយនឹងបញ្ហាហិរញ្ញវត្ថុ។ ទឹកប្រាក់ដែលបានបរិច្ចាគទៅត្រូវបានរៀបចំឡើងដើម្បីរ៉ាប់រងថ្លៃព្យាបាលអ្នកជំងឺមហារីកនៅមជ្ឈមណ្ឌលជាតិជំងឺមហារីក ជាពិសេសនេះគឺជាពន្លឺនៃក្ដីសង្ឃឹមសម្រាប់អ្នកជំងឺដែលកំពុងប្រយុទ្ធប្រឆាំងដ៏ជាមួយជំងឺដ៏កាចសាហាវមួយនេះ។

លើសពីនេះ នាងក៏មានចេតនាចង់បង្ហាញការយកចិត្តទុកដាក់ទៅកាន់សុខភាព និងអត្ថន័យនៃជីវិតរបស់អ្នកជំងឺដែលកំពុងត្រូវការជំនួយថែមទៀតផង។ ដូច្នេះសម្រាប់ Lia ផ្ទាល់តែងតែបែងចែកទុកមួយចំណែកនៃប្រាក់ចំណូលរបស់នាងសម្រាប់ការធ្វើទង្វើសប្បុរធម៌ និងសង្កត់ធ្ងន់ទៅលើការចូលរួមដោយសុទ្ធចិត្ត ស្មោះអស់បេះដូងរបស់នាងផងដែរ។



គួរបញ្ជាក់ដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅផលិតកម្ម JYP Entertainment បានប្រកាសពីការផ្អាកសកម្មភាពសិល្បៈរបស់ Lia សមាជិក ITZY ដើម្បីផ្ដល់អាទិភាពដល់សុខភាពផ្លូវចិត្តរបស់សិល្បករ ក្រោយនាងត្រូវបានគេរកឃើញថាមានជំងឺថប់បារម្ភ។ បច្ចុប្បន្ននាងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដូច្នេះនាងនឹងមិនអាចចូលរួមក្នុងអាល់ប៊ុមថ្មី និងការធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ ITZY បានឡើយ។ យ៉ាងណាមិញ នៅពេល Lia បានត្រៀមខ្លួនរួចរាល់ នាងនឹងវិលមកជួបអ្នកគាំទ្រវិញឆាប់ៗនេះ ៕





















































Account
Security
Favourite Content