ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ទោះបីលោក នាង ដាវីន មិនបានលើកពាន Cambodian Idol រដូវកាលទី ៤ ក៏ពិតមែន តែលោកច្បាបបានប្រជាប្រិយភាពយ៉ាងច្រើនសន្ធឹកមិនចាញ់ លីម តិចម៉េង ជាម្ចាស់ពានប៉ុន្មានឡើយ។

តាំងពីប្រឡងជាប់ ដាវីន បានបង្ហាញខ្លួនតាមការប្រគំតន្ត្រីតូចធំជាច្រើន រួមទាំងការប្រគំតន្រ្តីតាមបណ្តាខេត្តផងដែរ ធ្វើឱ្យប្រជាប្រិយភាពលោកហក់ឡើងយ៉ាងឆាប់រហ័ស បើធៀបទៅនឹងតារាចម្រៀងរលកក្រោយផ្សេងៗទៀត។ តួយ៉ាង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ បេក្ខភាពឆ្នើមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodian Idol រដូវកាល ទី ៤ នាង ដាវីន ក៏បានចូលរួមច្រៀងកម្សាន្តក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត ថែមទាំងបានធ្វើការរាប់ លេខថយក្រោយ និងទស្សនាការបាញ់កាំជ្រួចឆ្លងឆ្នាំ ២០២៤ យ៉ាងសប្បាយរីករាយទៀតផង។

នៅលើឆាកប្រគំតន្ត្រីដ៏ធំអស្ចារ្យនេះ នាង ដាវីន បានប្រកាសឱ្យដឹងថា លោកត្រៀមបើកជំនួញតូចមួយដែលជាក្តីស្រមៃរបស់ខ្លួនឯងនៅក្នុងឆ្នាំថ្មី ២០២៤ នេះ ប៉ុន្តែសុំមិនបញ្ជាក់លម្អិតនៅឡើយទេ ទុកឱ្យទស្សនិកជនឃើញផ្ទាល់ភ្នែកតែម្តង។ មិនតែប៉ុណ្ណោះ ម្ចាស់បទ «10$ សិនមកស្អែកសងវិញ» ក៏នឹងមានគម្រោងបញ្ចេញស្នាដៃបទចម្រៀងថ្មីមកបំពេរអារម្មណ៍ និងជាកាដូជូនហ្វេនៗសម្រាប់ឆ្នាំ ២០២៤ ផងដែរ ដូច្នេះហ្វេនៗកុំភ្លេចរង់ចាំតាមដានមើលស្នាដៃសិល្បៈថ្មីៗរបស់តារាចម្រៀងរូបសង្ហានេះទាំងអស់គ្នា៕






















































Account
Security
Favourite Content