ផលិតកម្ម INB100 បានចេញមុខសុំទោសលើការប្រើប្រាស់បារីអេឡិចត្រូនិចរបស់ Baekhyun នៅក្នុងហាងអាហារមួយកន្លែង ដែលនេះជាទង្វើខុសច្បាប់នាទីក្រុងម៉ាកាវ។

កាលពីថ្ងៃទី១៦ ខែកញ្ញានេះ គណនី X ដែលមានឈ្មោះថា @SUPADUPAMY បានចែករំលែកវីដេអូ និងរូបថតប៉ុន្មានសន្លឹកជាមួយនឹងចំណងជើង(caption)ខ្លីៗថា “Baekhyun សមាជិកក្រុម EXO ជក់បារីនៅទីបិទជីត”។ ក្នុងវីដេអូនោះ គេសង្កេតឃើញថា តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះកំពុងតែជក់បារីអេឡិចត្រូនិចនៅក្នុងហាងអាហារមួយកន្លែងនាទីក្រុងម៉ាកាវ ដោយមានអ្នកដទៃនៅជុំតុជាមួយលោក។
ក្រោយពីវីដេអូនេះបានបង្ហោះ អ្នកគាំទ្ររបស់លោកជាច្រើនរូបបានបង្ហាញកាខកចិត្តជាមួយនឹងអាកប្បកិរិយាមិនសមរប្យរបស់តារាក្នុងដួងចិត្តរបស់ខ្លួន រហូតដល់ផលិតកម្ម INB100 ចេញមុខសុំទោសជាសាធារណៈ។
តាមរយៈសំណេររបស់ INB100 បានបង្ហាញថា ពួកគេពិតជាសុំទោសចំពោះរឿងរ៉ាវដែលកើតឡើង ដោយហេតុថាទាំង Baekhyun និងបុគ្គលិកទាំងអស់មិនដឹងថា បារីអេឡិចត្រូនិចគឺមិនអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងទីក្រុងម៉ាកាវនោះទេ។
INB100 បានលើកឡើងថា៖ “ពួកយើងពិតជាសុំទោសដោយចិត្តស្មោះ ចំពោះអ្នកដែលមិនពេញចិត្តជាមួយនឹងការជក់បារីនៅទីបិទជិតរបស់សិល្បកររបស់យើង”។ INB100 បានសរសេរបន្ថែមថា៖ “នៅពេលនោះ Baekhyun និងក្រុមការងារមិនបានដឹងទាល់តែសោះថា បារីអេឡិចត្រូនិកគឺត្រូវបានហាមឃាត់នៅក្នុងទីក្រុងម៉ាកាវ។ នៅកំលុងពេលដែលញ៉ាំអាហារក្រោយពីការសម្ដែងនៅទីក្រុងម៉ាកាវ Baekhyun បានប្រើប្រាស់បារីដោយមិនដឹងថាខុសនៅពេលដែលលោកកំពុងតែជជែកគ្នាជាមួយនឹងក្រុមការងារ”។

ក្នុងសំណេរតែមួយនេះ INB100 ក៏បានបង្ហាញពីការដឹងកំហុសរបស់សិល្បករ K-pop រូបនេះផងដែរ ដោយគេបានរៀបរាប់ថា៖ “Baekhyun ពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះការខកចិត្តរបស់អ្នកគាំទ្រដោយសារតែទង្វើដែលធ្វេសប្រហែសរបស់ខ្លួន”។
មុននឹងបញ្ចប់សំណេរមួយនេះ INB100 ក៏បានសន្យាផងដែរថា ទាំងសិល្បករ និងក្រុមហ៊ុននឹងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន ដើម្បីបង្ការកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀតនៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលម៉ាកាវបានហាមឃាត់ការលក់បារីអេឡិកត្រូនិចតាំងតែពីឆ្នាំ ២០១៧ ដោយអ្នកជួយដូរបារីប្រភេទនេះនឹងត្រូវពិន័យជាទឹកប្រាក់ម៉ាកាវចំនួន ២ម៉ឺន MOP រហូតដល់ ២សែន MOP ឬប្រមាណ ២៥០០ ដល់ ២៥០០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់វិញ នឹងត្រូវពិន័យជាទឹកប្រាក់ម៉ាកាវចំនួន ៤០០០ MOP ឬប្រមាណ ៥០០ដុល្លារអាមេរិក៕

























Account
Security
Favourite Content