ទីភ្នាក់ងារចម្រៀងខេប៉ុបកូរ៉េ HYBE និងផលិតកម្មចម្រៀងអាមេរិកាំង Geffen Records បានប្រកាសពីសមាជិកដំបូងសម្រាប់គម្រោងក្រុមខេប៉ុបថ្មីរបស់ខ្លួន ដោយសិល្បកររូបនេះ គឺ Emily Kelavos ជាអតីតបេក្ខនារីធ្លាប់ប្រកួតប្រជែងជាមួយ KATSEYE ក្នុងកម្មវិធី The Debut: Dream Academy។
ផ្អែកតាមការបង្ហោះនៅលើគណនី X សិក្បករស្រីសញ្ជាតិអាមេរិកាំងរូបនេះ នឹងចូលរួមជាសមាជិកក្រុមខេប៉ុបថ្មី ពីគម្រោង Prelude: The Final Piece ដោយកន្លងមក ទីភ្នាក់ងារធ្លាប់បានប្រកាសថា ពួកគេគ្រោងនឹងបញ្ចេញក្រុមខេប៉ុបនារីថ្មីនេះ នៅក្នុងរដូវផ្ការីក ឆ្នាំ ២០២៦ ខាងមុខ។
សូមរំឭកពីប្រវត្តិរបស់តារាស្រីសក់ទង់ដែងរូបនេះផងដែរថា Emily Kelavos គឺជាតារាសម្ដែងម្នាក់ ដែលធ្លាប់បានកសាងស្នាដៃតាំងតែពីវ័យក្មេងក្នុងរឿង The Lazarus Effect, This is Us និង Fresh of the Boat។

នាងបានចូលប្រឡូកក្នុងវិស័យខេប៉ុបជាលើកដំបូងក្នុងកម្មវិធី The Debut: Dream Academy ដោយបេក្ខនារីរូបនេះ មានសមត្ថភាពអាចចូលដល់វគ្គ ២០នាក់ចុងក្រោយ។ ដ្បិតមិនទទួលបានជោគជ័យ ក្លាយជាសមាជិកក្រុម KATSEYE ក៏ពិតមែន តែនាងគឺជាបេក្ខនារីមានទេពកោសល្យ និងមន្តស្នេហ៍ម្នាក់សម្រាប់ទស្សនិកជន។
ទាក់ទងនឹងក្រុមចម្រៀងថ្មីដែល Emily Kelavos គ្រោងនឹងចូលរួមនេះវិញ ទីភ្នាក់ងារនឹងស្វែងរកសមាជិកបន្ថែមតាមរយៈកម្មវិធី World Scout: The Final Piece ដោយបេក្ខជនដែលបានជ្រើសរើសនឹងត្រូវចូលហ្វឹកហាត់នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងចន្លោះខែតុលា ដល់ខែធ្នូ ឆ្នាំនេះ៕


























Account
Security
Favourite Content