J-Hope បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យខេប៉ុបម្តងទៀត ដោយកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Hope On The Stage អាចរកចំណូលបាន ៨៤.៧ លានដុល្លារអាមេរិក ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានសម្រាប់សិល្បករខេប៉ុបទោល។

តួលេខដែលយោងតាមសារព័ត៌មាន The Standard បានបញ្ជាក់ថា J-Hope ទទួលបានជោគជ័យទាំងក្នុងនាមជាសមាជិកក្រុម BTS និងនាមជាសិល្បករទោល ដោយតារាប្រុសវ័យ ៣១ឆ្នាំរូបនេះ អាចទាក់ទាញអ្នកចូលរួមដល់ទៅ ៣២៥ ០០០នាក់ពីការសម្ដែងចំនួន ២១លើកលើទឹកដីអាស៊ី បន្ថែមដោយអ្នកចូលរួម ១៧៨ ០០០នាក់ទៀត ពីការសម្ដែង ១២លើកនៅលើទឹកដីអាមេរិកខាងជើង។
គួរឱ្យដឹងផងដែរថា J-Hope គឺជាសមាជិកក្រុម BTS ដែលបានបញ្ចេញស្នាដៃទោល ក្នុងទម្រង់ជាអាល់ប៊ុមពេញខ្នាតដំបូងគេ គឺអាល់ប៊ុម Jack in the Box កាលពីឆ្នាំ ២០២២។ បន្ថែមពីនេះ មុននឹងចូលបម្រើក្នុងជួរយោធា លោកក៏បានបញ្ចេញអាល់ប៊ុម Hope on the Street Vol.1 ទុកឱ្យអ្នកគាំទ្រស្ដាប់ នៅពេលដែលលោកខកខានបញ្ចេញស្នាដៃមួយរយៈផងដែរ។
សម្រាប់កម្មវិធីប្រគំតន្ត្រីដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥នេះ គឺជាកម្មវិធីប្រគំតន្រ្តីសម្រាប់អាល់ប៊ុមទាំងពីរខាងលើនេះ។ យ៉ាងណាមិញ បច្ចុប្បន្ន តារាប្រុសនឹងសមាជិកទាំង ៦នាក់ទៀត កំពុងតែមមាញឹកផលិតអាល់ប៊ុមថ្មីរបស់ BTS ដែលគ្រោងនឹងបង្ហាញជូន ARMY នៅក្នុងរដូវផ្ការីកឆ្នាំក្រោយ៕
























Account
Security
Favourite Content