កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 បានធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅទឹកដីអាមេរិកហើយ ដើម្បីចូលរួមប្រកួតប្រជែង Miss Universe លើកទី៧១។ អ្នកគាំទ្រភ្លូកទឹកភ្លូកដីបានទៅជូនដំណើរ និងផ្តល់កម្លាំងចិត្តដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ដោយគ្រប់គ្នាបានស្រែកហ៊ោកញ្ជ្រៀវឡើងកងរំពង បង្ហាញពីទំហំចិត្តនៃការគាំទ្រចំពោះ Miss Universe Cambodia 2022។
ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅលាយត្បូងភ្លឺភ្លែតៗ ដៃកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា បវរកញ្ញាកូនកាត់ខ្មែរ-បារាំងរូបនេះពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងណាស់។ ម៉ានីតា រំភើបខ្លាំងស្ទើរនិយាយមិនចេញនៅពេលឃើញអ្នកគាំទ្រច្រើនសន្ធឹកមកផ្តល់កម្លាំងចិត្តនាងបែបនេះ។
ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក ហង្ស ម៉ានីតា ថា សន្ទុះគាំទ្រដ៏ខ្លាំងក្លារបស់អ្នកគាំទ្រធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការប្រកួត ដោយប្តេជ្ញាថានឹងធ្វើឱ្យបានល្អបំផុត និងបញ្ចេញឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតប្រជែងមួយនេះ។ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ រូបនេះសង្ឃឹមថា នាងនឹងអាចបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង Miss Universe លើកនេះ ព្រោះនាងបានទទួលការហ្វឹកហាត់ជាមួយគ្រូជំនាញៗជាច្រើនដូចជា គ្រូបង្វឹកមកពីឥណ្ឌា និងគ្រូបង្វឹកនៅហ្វីលីពីន រួមទាំងការបណ្តុះបណ្តាលផ្ទាល់របស់ក្រុមហ៊ុន CIM។
លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM ក៏បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញអ្នកគាំទ្រណែនណាន់តាន់តាប់បែបនេះ ហើយលោកក៏មានក្តីរំពឹងខ្ពស់លើ ម៉ានីតា ដូចគ្នាដែរ។ ចំណែក លោក ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកឧបត្ថម្ភកម្មវិធីធំសម្រាប់ Miss Universe Cambodia ក៏សង្ឃឹមថា ម៉ានីតា អាចដណ្តើមបានភាពជោគជ័យមកកម្ពុជា។ ប្រសិនបើ ម៉ានីតា អាចចូលដល់វគ្គ Top 10 ចុងក្រោយលោកនឹងមានកាដូលើកទឹកចិត្តនាងបន្ថែមទៀត គឺទឹកប្រាក់ ១ ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ ១ វង់ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ Miss Universe Cambodia 2022។
គួររំលឹកផងដែរថា ហង្ស ម៉ានីតា ជាបវរកញ្ញាចក្កវាឡកម្ពុជាទី៦ ហើយនាងនឹងតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe លើកទី៧១ នៅសហរដ្ឋអាមេរិក នៅដើមខែមករា ដោយរាត្រីផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣៕
ប្រភពរូបភាព៖ Studio 80s























































Account
Security
Favourite Content