បច្ចុប្បន្ន ក្នុងវិស័យរឿងភាគកូរ៉េពិតជាមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។ សម្រាប់តារាសម្ដែង ម្នាក់ៗ ត្រូវតែមានសមត្ថភាពខ្លាំងពូកែ ទើបមានឱកាសក្ដោបតំណែងតួឯក។ រីឯតម្លៃខ្លួនក្នុងមួយភាគៗ របស់តារាសម្ដែងក៏ជារឿងដែលមហាជនចូលចិត្ដលើកមកនិយាយផងដែរ។ មែនទែនទៅ តម្លៃខ្លួនកាន់តែថ្លៃ នឹងកាន់តែបញ្ជាក់ពីទេពកោសល្យ និងភាពល្បីល្បាញរបស់តារារូបនោះ។

យោងតាមកាសែត VOI ផលិតកររបស់រឿង Gyeongseong Creatures បានទម្លាយពីតម្លៃខ្លួនរបស់តារាសម្ដែងស្រី Han SoHee ដោយសម្ដែងក្នុងរឿងនេះ នាងទទួលបានប្រាក់ឈ្នួលក្នុងមួយភាគប្រមាណ ២០០ លានវ៉ុន ឬប្រហាក់ប្រហែល ១៥ ម៉ឺនដុល្លារអាមេរិក។ ការសម្ដែងរឿងនេះ ចំនួន ១០ ភាគធ្វើឲ្យតារាស្រី Han SoHee អាចរកបានប្រាក់ចំណូលប្រមាណជាង ១,៥ លានដុល្លារអាមេរិក។



មែនទែនទៅ តម្លៃខ្លួនរបស់តារាស្រី Han SoHee ពិតជាធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែរូបនាងជាតារាស្រីទើបចេញប្រឡូកក្នុងវិស័យរឿងភាគ និងចាប់ផ្ដើមមានឈ្មោះល្បីល្បាញត្រឹមរយៈពេល ៣ ឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្ដែតម្លៃខ្លួនរបស់នាងគឺថ្លៃជាងតារាស្រីកូរ៉េល្បីៗ ជាច្រើន។
ជាមួយគ្នាដែរ មានមតិជាច្រើនបានលើកឡើងថា តម្លៃខ្លួនរបស់តារាស្រី Han SoHee ហក់ឡើងខ្ពស់បែបនេះ ដោយសារតែនាងមានភាពល្បីល្បាញខ្លាំងនៅឯក្រៅប្រទេស ដូច្នេះវត្ដមានរបស់នាងក្នុងរឿងមិនត្រឹមតែទាក់ទាញទស្សនិកជនក្នុងស្រុកទេ ប៉ុន្តែមួយផ្នែកធំគឺមកពីទស្សនិកជនក្រៅប្រទេស។


គួរបញ្ជាក់ថា Gyeongseong Creatures គឺជារឿងភាគបែបរន្ធត់ដែលផលិតឡើងដោយក្រុមហ៊ុន Netflix មានចំនួន ២ រដូវកាល ដោយរដូវកាលទី ១ មានចំនួន ១០ ភាគ ខណៈរដូវកាលទី ២ គ្រោងបញ្ចេញនៅក្នុងឆ្នាំ ២០២៤។ រីឯតារាផ្សេងៗទៀត ដែលសម្ដែងក្នុងរឿងមួយនេះសុទ្ធតែលេចពាក្យចចាមអារ៉ាមថាទទួលបានប្រាក់ឈ្នួលថ្លៃខ្លាំង ៕

























































Account
Security
Favourite Content