ទំនាក់ទំនងស្នេហារបស់កំពូលតារាស្រីខេប៉ុប ៣រូបរួមមាន Karina, Joy និង Lisa កំពុងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង។
១. Karina ក្រុម aespa និងតារាសម្ដែង Lee Jae-wook

យោងតាមសេចក្ដីរាយការណ៍របស់ Dispatch កាលពីថ្ងៃទី២៧ ខែកុម្ភៈ Karina និង Lee Jae-wook បានស្គាល់គ្នាបន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ម៉ាក Prada នៅទីក្រុង Milan ប្រទេសអ៊ីតាលីជាមួយគ្នាកាលពីថ្ងៃទី ១៤ ខែមករា។ ត្រឡប់មកកូរ៉េវិញ អ្នកទាំងពីរបានបន្តទាក់ទងណាត់ជួបគ្នា។
អ្នកស្គាល់គ្នារបស់ Karina និង Lee Jae-wook បាននិយាយទៅកាន់ Dispatch ថាអ្នកទាំងពីរបានលង់ស្រលាញ់គ្នាតាំងពីជួបដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូដ។ ក្រោយមកនៅថ្ងៃដដែល ទីភ្នាក់ងាររបស់តារាទាំងពីរដួងក៏បានបញ្ជាក់ថាពួកគេពិតជាកំពុងមានទំនាក់ទំនងស្នេហាមែន។
ចំពោះរឿងការងារ ថ្មីៗនេះ Karina ទើបតែបានបញ្ចប់ការប្រគំតន្ត្រី SMTOWN Live 2024 SMCU Palace នៅទីក្រុងតូក្យូ ជាមួយសមាជិក aespa ខណៈពេលដែលរឿងភាគថ្មីរបស់តារាសម្ដែង Lee Jae-wook “The Impossible Heir” នឹងចាក់បញ្ចាំងនៅចុងខែនេះ។
២. Joy ក្រុម Red Velvet និងតារាចម្រៀង Crush

បន្ទាប់ពីពាក្យចចាមអារ៉ាមស្នេហាបានលេចឡើងនៅឆ្នាំ ២០២១ Joy ក្រុម Red Velvet និងតារាចម្រៀង Crush ក៏បានទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេភ្លាមៗ។ អ្នកទាំងពីរមានចំណង់ចំណូលចិត្តដូចគ្នាមួយគឺការចិញ្ចឹមឆ្កែ។ Joy មានកូនឆ្កែមួយក្បាលឈ្មោះ Haetnim ខណៈដែល Crush កំពុងចិញ្ចឹម Duyu និង Rose ។
Joy បានសារភាពអំពីទំនាក់ទំនងនេះដោយសរសេរសារបង្ហោះនៅលើសហគមន៍អ្នកគាំទ្ររបស់ Red Velvet ថា៖ “ខ្ញុំមានការប្រុងប្រយ័ត្ន និងខ្មាសអៀនខ្លាំងណាស់ ព្រោះពួកយើងទើបតែឈានដល់ដំណាក់កាលបញ្ជាក់អំពីអារម្មណ៍របស់គ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ប៉ុន្តែព័ត៌មានក៏បានផ្ទុះឡើង។ ទោះយ៉ាងណា ខ្ញុំគិតថា Reveluv (ឈ្មោះ fandom) កាន់តែភ្ញាក់ផ្អើលជាងខ្ញុំទៅទៀត។ ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តគាំទ្រខ្ញុំ”។ ចំណែកទីភ្នាក់ងារ P Nation របស់ Crush បានបន្ថែមថា៖ “អ្នកទាំងពីរចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកបន្ទាប់ពីក្លាយជាសិស្សប្អូននិងសិស្សច្បង” ។
ថ្មីៗនេះ Joy បានបង្ហាញការសម្តែងដ៏អស្ចារ្យនៅក្នុងការប្រគំតន្ត្រី SMTOWN នៅ Tokyo Dome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២១ និង ២២ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ Crush បានចេញអាល់ប៊ុមពេញដំបូងរបស់គេមានចំណងជើងថា “wonderego” កាលពីឆ្នាំមុន បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
៣. Lisa ក្រុម BLACKPINK និងអ្នកជំនួញ Frédéric Arnault

កាលពីថ្ងៃទី ៧ ខែកុម្ភៈ សារព័ត៌មានអន្តរជាតិ 8World បានបង្ហាញរូបថតរួមគ្នារបស់ Lisa សមាជិកក្រុម BLACKPINK និងមហាសេដ្ឋី Frédéric Arnault នៅឯឆ្នេរ Miami ក្នុងរដ្ឋ Florida ។ ខណៈដែលដំណើរកម្សាន្តនេះក៏មានសមាជិកគ្រួសារមកជាមួយ ធ្វើឱ្យគេសន្និដ្ឋានថាអ្នកទាំងពីរប្រហែលជាគិតដល់រៀបការហើយ។
កាលពីឆ្នាំមុន ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lisa និង Frédéric Arnault បានកើតឡើង ខណៈដែលអ្នកទាំងពីរត្រូវបានគេប្រទះឃើញជាមួយគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ភ្នាក់ងារ YG Entertainment របស់ Lisa មិនបានបង្ហាញពីជំហរណាមួយឡើយ។ ទោះបីជា YG ស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតនៅតែបន្តគាំទ្រស្នេហារបស់ពួកគេ។
បន្ទាប់ពីចុះកិច្ចសន្យាជាក្រុមជាមួយ YG សម្រាប់ការងារជាមួយ BLACKPINK Lisa បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងសម្រាប់សកម្មភាពទោល ថែមទាំងត្រៀមបង្ហាញខ្លួនរបស់នាងនៅក្នុងរឿងភាគអាមេរិក “White Lotus Season 3” របស់ប៉ុស្តិ៍ HBO ផងដែរ។ ទន្ទឹមនឹងនេះដែរ Frédéric Arnault នៅតែដំណើរការអាជីវកម្មរបស់គ្រួសារ គឺក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនមេរបស់ម៉ាកប្រណីត Louis Vuitton និង Fendi ៕























Account
Security
Favourite Content