កាលពីខែវិច្ឆិកាកន្លងទៅ កុងត្រាផ្ដាច់មុខរបស់ Soyeon មេក្រុម (G)I-DLE ត្រូវបានបញ្ចប់ក្រោយនាងសម្រេចចិត្តមិនបន្ដដោយសារមានមូលហេតុផ្សេងៗរួមទាំងការមិនពេញចិត្តជាមួយនឹងក្រុមហ៊ុនផងដែរ។ ដំណឹងមួយនេះបានធ្វើអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងអន្ទះសារង់ចាំមើលថាក្រុម (G)I-DLE នឹងបន្ដដំណើរដោយរបៀបណា ឬត្រូវរំសាយក្រុម។

ជាក់ស្ដែងកំលុងពេលទទួលពានរង្វាន់ Record of The Year នៅក្នុងកម្មវិធី Melon Music Awards ឆ្នាំ 2024 Soyeon បានប្រកាសដំណឹងមួយដែលធ្វើឱ្យទាំងអ្នកគាំទ្រ និងតារាកិត្តិយសចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថាសមាជិកទាំងប្រាំរបស់ (G)I-DLE បានបន្ដកិច្ចសន្យាជាមួយ Cube Entertainment។
Soyeon បាននិយាយដោយផ្ទាល់នៅលើឆាកដ៏ធំថា៖ ពួកយើងទាំងប្រាំនាក់មិនមែនតែខ្ញុំទេ បានសម្រេចចិត្តបន្តកុងត្រារបស់យើង។ យើងបានពិភាក្សារឿងនេះមុនពេលឡើងឆាក ហើយវាជាការពិតដែលសមាជិកទាំងប្រាំនាក់បានចុះហត្ថលេខា។ យើងនឹងបន្តនៅជាមួយគ្នានៅឆ្នាំក្រោយ ឆ្នាំក្រោយបន្ទាប់ និងជារៀងរហូត ដូច្នេះខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងមិនបារម្ភទៀតឡើយ។ យើងនឹងតបស្នងចំពោះក្ដីស្រឡាញ់របស់អ្នកជាមួយនឹងតន្ត្រីដ៏អស្ចារ្យនៅឆ្នាំក្រោយ ហើយធ្វើការកាន់តែខ្លាំងក្នុងនាមជា (G)I-DLE។

មិនត្រឹមប៉ុណ្ណេះ នៅថ្ងៃទី១ ខែធ្នូ ថ្មីៗនេះមេក្រុម (G)I-DLE រូបនេះក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ថ្លែងអំណរគុណទៅដល់ក្រុមអ្នកគាំទ្រ Neverland និងអ្នកស្រឡាញ់តន្រ្ដីរបស់ (G)I-DLE ដោយអត្ថន័យក្នុងសំណេរគឺក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ ក្រុមទាំងមូលជួបប្រទះនូវភាពរីករាយ សោកសៅ ការតានតឹង និងក្ដីសង្ឃឹមជាមួយគ្នា ហេតុនេះទើបអ្នកទាំងប្រាំអាចរីកចម្រើនបានកាន់តែខ្លាំងឡើង។


Jeon Soyeon បានបន្ដថាការសម្រេចចិត្តដែលនាំឱ្យសមាជិកក្រុមនៅជាមួយគ្នាបន្ដដំណើរទៅមុខទៀតគឺធ្វើឡើងជាឯកច្ឆន្ទ។ ជាពិសេសនាងពិតជាសប្បាយចិត្ត និងមានមោទនភាពបំផុតដែលអាចនៅបន្ដជាមួយក្រុម (G)I-DLE ក្នុងនាមជាអ្នកដឹកនាំអស់រយៈពេលជាយូរ។ ជាមួយគ្នានេះ នាងក៏មិនភ្លេចអរគុណទៅដល់សមាជិកក្រុមបួននាក់ផ្សេងទៀតគឺ Miyeon, Minni, Yuqi និង Shuhua ផងដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងកម្មវិធី Melon Music Awards ឆ្នាំ 2024 ក្រុម (G)I-DLE បានទទួលពានរង្វាន់ទាំងអស់ចំនួន ៣ មានដូចជា៖ Record of The Year, Top 10 និង Songwriter Award សម្រាប់ Jeon Soyeon ៕


























Account
Security
Favourite Content