កាលពីថ្មីៗនេះ សមាជិកទាំងបីរបស់ BIGBANG គឺ Daesung, G-dragon និង Taeyang មកជួបជុំគ្នាម្ដងទៀតនៅក្នុងកម្មវិធី Zip Daesung ។

ដោយមាន Daesung ជាពិធីករ កម្មវិធីបានអញ្ជើញសមាជិក ២រូបទៀតរបស់ BigBang មកចូលរួមជាភ្ញៀវកត្តិយសនៅក្នុងវគ្គ ២៨ និងវគ្គ ២៩ របស់ Zip Daesung។ នៅក្នុងវគ្គ២៨ អ្នកទាំង ៣បានមកជួបជុំគ្នានៅក្នុងហាងសាច់អាំងបែបកូរ៉េមួយកន្លែង ដោយមាននិយាយគ្នាលេងពីនេះនោះ ដូចជារឿងការឡើងសម្ដែងជុំគ្នានៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Taeyang ជាដើម។ ត្បិតរំលងទៅជាច្រើនឆ្នាំក្ដី តែនៅពេលដែលសិល្បករ ៣រូបនេះនៅជុំគ្នា ចរិត និងការលេងសើចរបស់ពួកគេ នៅតែអាចធ្វើឱ្យអ្នកគាំទ្រខេប៉ុបជើងចាស់នឹកដល់គ្រាដែលក្រុម BIGBANG ធ្លាប់មានសមាជិក ៥នាក់ដដែល។

នៅនាទីទី១១ និង ៤០វិនាទីនៃវគ្គបន្ទាប់ ក្រុមការងាបានត្រៀមកាដូមកជូនអ្នកទាំងបី។ Daesung, G-dragon និង Taeyang បានបើកកាដូដែលជាឆ័ត្រពណ៌លឿង មុននឹងប្រទះឃើញបន្តោងដែលជាស្លឹក clover នៅខាងក្រោមនោះ។ Daesung បាននិយាយពីជំនឿនៃស្លឹករុក្ខជាតិមួយនេះថា៖ “គេនិយាយថា ស្លឹក clover ដែលមាន ៣សន្លឹក គឺតំណាងឱ្យសំណាងល្អ”។
ជាក់ស្ដែង ស្លឹក clover ដែលមាន ៤សន្លឹកទៅវិញទេ ដែលតំណាងឱ្យសំណាងល្អ។ ឯស្លឹក clover ដែលមាន ៣សន្លឹកមានន័យថា សេចក្ដីសុខ។ ក្រោយមិត្តរួមក្រុមនិយាយខុស G-dragon សួរមិត្តភ្លាមៗវិញថា៖ “មិនមែនស្លឹក ៤ទេឬ?”។
Daesung ក៏កែខ្លួនឯងភ្លាមៗមុននឹងនិយាយថា ការជ្រើសរើសស្លឹក clover ដែលមាន ៣សន្លឹកនេះ មកពីបច្ចុប្បន្នមានត្រឹមពួកគេ ៣នាក់ប៉ុណ្ណោះដែលជាសមាជិកក្រុម។
ដល់ត្រង់នេះ G-dragon និយាយកាត់ភ្លាមៗថា៖ “សូមកុំធ្វើឱ្យវាតិចជាងនេះអី វាជារៀងដែលគួរឱ្យសោកសៅនៅពេលដែលឃើញស្លឹក clover ដែលមានត្រឹម ២ សន្លឹក”។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយក្រៅពីអ្នកទាំង ៣រូបនេះ ក្រុមចម្រៀង BIGBANG ធ្លាប់មានសមាជិក ២រូបទៀត គឺ Seungri និង T.O.P។ Seungri ត្រូវបានហាមឃាត់ពីវិស័យចម្រៀង ក្រោយពីជាប់ពាក់ព័ន្ធរឿងអាស្រូវ Burning Sun ដែលទាក់ទងនឹងរឿងជួញដូរផ្លូវភេទ។ ទន្ទឹមគ្នានេះ T.O.P បានស្ម័គ្រចិត្តចេញពីក្រុម ដោយសារមានរឿងអាស្រូវទាក់ទងនឹងកញ្ឆា។ ក៏ប៉ុន្តែតែនៅក្នុងខែធ្នូខាងមុខនេះ T.O.P នឹងបង្ហាញខ្លួនម្ដងទៀតនៅក្នុងរឿងភាគ Squid Game 2៕
























































Account
Security
Favourite Content