តារាចម្រៀងល្បីកូរ៉េ G-Dragon ត្រូវបានតែងតាំងជាសាស្រ្តាចារ្យកិត្តិយសមួយរូបនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសកូរ៉េ ហៅកាត់ KAIST សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី៤ ខែមិថុនាឆ្នាំនេះរហូតដល់ខែមិថុនាឆ្នាំ២០២៦។

លើសពីនេះ លោកក៏ត្រូវបានតែងតាំងជាទូតផ្សព្វផ្សាយសកលសម្រាប់វិទ្យាស្ថាន KAIST ដែលនៅទីនោះលោកនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការផ្សព្វផ្សាយជាអន្តរជាតិរបស់សាកលវិទ្យាល័យមួយនេះ។
យោងតាមរបាយការណ៍ផ្តាច់មុខដោយសារព័ត៌មាន OSEN នៅថ្ងៃទី ៥ ខែមិថុនា G-Dragon ទទួលបានការតែងតាំងជាផ្លូវការនៅក្នុងពិធីមួយដែលធ្វើឡើងនៅបរិវេណវិទ្យាស្ថាន KAIST នៅទីក្រុង Daejeon បន្ទាប់ពីចប់កម្មវិធីពិភាក្សា “Innovate Korea 2024″។
“Innovate Korea 2024” គឺជាព្រឹត្តិការណ៍មួយរៀបចំដោយវិទ្យាស្ថាន KAIST រួមជាមួយក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NST) និងក្រុមហ៊ុន Herald Media Group។ ក្នុងកម្មវិធីជជែកនោះដែរ G-Dragon បានចូលរួមជាមួយប្រធានវិទ្យាស្ថាន KAIST លោក Lee Kwang Hyung និងប្រធានផ្នែកសុភមង្គលរបស់ផលិតកម្ម Galaxy លោក Choi Yong Ho។ ក្នុងនោះ G-Dragon បានពិភាក្សាអំពីអនាគតនៃវិស័យ K-pop ដោយការរួមបញ្ចូលបច្ចេកវិទ្យា AI ជាមួយមាតិកាផ្សេងៗ។

គួរបញ្ជាក់ថា ការចូលរួមរបស់ G-Dragon ក្នុងវិស័យបច្ចេកវិទ្យា AI បានចាប់ផ្តើមយ៉ាងសកម្មបន្ទាប់ពី អតីតសមាជិក Bigbang រូបនេះបានចុះហត្ថលេខាជាមួយផលិតកម្ម Galaxy កាលពីខែធ្នូឆ្នាំមុន។ G-Dragon បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដោយចូលរួមក្នុងកម្មវិធី CES 2024 ដែលជាការតាំងពិពណ៌គ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោកនៅទីក្រុង Las Vegas ក្នុងខែមករា។
ខណៈពេលនេះដែរ G-Dragon ក៏កំពុងរៀបចំខ្លួនសម្រាប់ការត្រលប់មកឆាកតន្ត្រីវិញនៅឆ្នាំនេះ ដែលនឹងជាការចេញអាល់ប៊ុមទោលដំបូងរបស់លោកក្នុងរយៈពេលជិត ៧ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៧ ៕























Account
Security
Favourite Content