កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ IU បានបង្ហោះវិញ្ញាបនបត្រនៅលើបណ្ដាញសង្គម X ដោយនាងបានបានបរិច្ចាគថវិកាសរុបចំនួន ២០០ លានវ៉ុន (១៥ម៉ឺនដុល្លារ) ដើម្បីជួយទៅដល់អង្គការចំនួន ៤ រួមទាំងសមាគមសុខុមាលភាពពលរដ្ឋវ័យចំណាស់ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ។



តារាចម្រៀងសំនៀងស្រទន់រូបនេះតែងតែចូលរួមយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងខ្វះខាតដោយបានបរិច្ចាគ ៥០ លានវ៉ុនដើម្បីផ្គត់ផ្គង់ប្រេងសម្រាប់ម៉ាស៊ីនកម្ដៅដល់មនុស្សចាស់នៅក្នុងសហគមងាយរងគ្រោះ និងសង្ឃឹមថាពួកគាត់នឹងចំណាយពេលវេលារស់នៅក្នុងរដូវរងាដោយភាពកក់ក្ដៅ។

មិនត្រឹមប៉ុណ្ណេះ IU ក៏បានចូលរួមបរិច្ចាគសម្រាប់សមាគមសុខុមាលភាពកុមារកូរ៉េចំនួន ៥០ លានវ៉ុន សមាគមម្ដាយទោល ឬគ្រួសារមិនទាន់រៀបការ (Korea Unwed Mothers and Families Association ឬ KUMFA) ចំនួន ៥០ លានវ៉ុន និងសមាគមសុខុមាលភាពជនពិការកូរ៉េខាងត្បូងចំនួន ៥០ លានវ៉ុនបន្ថែមទៀតផងដែរដែលជាទឹកប្រាក់សរុបទាំង ៤ អង្គការចំនួន ២០០ លានវ៉ុន។
អមជាមួយការបង្ហោះវិញ្ញាបនបត្រសប្បុរធម៌នោះផងដែរ តារាចម្រៀងស្រីរូបនេះក៏បានភ្ជាប់មកជាមួយនឹងសារខ្លីមួយដែលជូនពរដល់មហាជនក្នុងឱកាសចូលឆ្នាំថ្មីឱ្យមានសុខភាពល្អ និងពាក្យលើកទឹកចិត្តថាបើទោះបីជាយើងមិនអាចសប្បាយចិត្តបានពេញ ៣៦៥ ថ្ងៃ ប៉ុន្តែក៏នៅតែមានថ្ងៃដែលរីករាយច្រើនជាងថ្ងៃសោកសៅច្រើនណាស់។


ជាមួយគ្នានេះ នាងក៏សូមធ្វើការអភ័យទោសចំពោះអ្នកគាំទ្រផងដែរនៅពេលដែលនាងបង្ហោះបានតែ ៣ វិញ្ញាបនបត្រប៉ុណ្ណោះ សម្រាប់វិញ្ញាបនបត្ររបស់សមាគមសុខុមាលភាពពលរដ្ឋជាន់ខ្ពស់គឺកំពុងតែបញ្ហាបន្តិចបន្តួច ដូច្នេះនាងបានប្រាប់អ្នកគាំទ្រថាកុំឱ្យមានការយល់ច្រលំអី។ ប៉ុន្តែបើទោះបីជាមានបញ្ហារអាក់រអួលបន្តិចបន្តួចមែនក្ដី ក៏អ្នកគាំទ្រនៅតែបញ្ចេញមតិសរសើរ លើកទឹកចិត្ត ជាពិសេសពោលពាក្យដែលពោរពេញដោយក្ដីស្រឡាញ់ជាច្រើនទៅដល់ទេពធីតាតូចរូបនេះផងដែរ។

ទង្វើសប្បុរសធម៌របស់ IU គឺធ្វើចេញពីចិត្តពិតប្រាកដ និងត្រូវបានគេទទួលស្គាល់ថានាងជាសប្បុរជនដ៏ធំម្នាក់ក្នុងឧស្សាហកម្មកម្សាន្ដដោយនាងបានចូលរួមផ្ដល់ជំនួយជាប្រចាំចាប់តាំងពីនាងបានបង្ហាញខ្លួនជាលើកដំបូងមកម្លេះ។ ជាក់ស្ដែងកាលពីឆ្នាំមុន IU ក៏បានផ្ដល់ជំនួយដល់ជនរងគ្រោះផ្នែកវេជ្ជសាស្រ្តតាមរយៈការបរិច្ចាកទឹកប្រាក់ចំនួន ២៣ ម៉ឺនដុល្លារអាមេរិកផងដែរ។ ជាពិសេសរាល់ទង្វើសប្បុរសធម៌របស់នាង នាងមិនដែលភ្លេចភ្ជាប់មកជាមួយអ្នកគាំទ្ររបស់នាង UAENA នោះទេ៕

























Account
Security
Favourite Content