នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ យោងតាមប្រភពសារព័ត៌មានចិន QQ បានឱ្យដឹងថា តារាស្រីល្បី Fan BingBing បានបង្ហាញមុខក្នុងកម្មវិធីធំប្រចាំឆ្នាំ Berlin Film Festival នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ រូបនាងបានទៅចូលរួមកម្មវិធីនេះជាមួយតារាស្រីកូរ៉េ Lee JooYoung ហើយនេះជាលើកដំបូងផងដែរក្នុងរយៈពេល ៥ ឆ្នាំដែលនាងបានបង្ហាញមុខក្នុង Berlin Film Festival ក្រោយជួបរឿងអាស្រូវគេចពន្ធ។
ក្នុងកម្មវិធីនោះដែរ Fan BingBing គេចមិនផុតពីការសាកសួរសំនួរនានាពីក្រុមអ្នកកាសែតឡើយ ក្នុងចំណោមសំនួរទាំងអស់គឺមានច្រើនទាក់ទិននឹងរឿងអាស្រូវគេចពន្ធរបស់នាងកាលពីកំឡុងឆ្នាំ ២០១៨។ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល រូបនាងបែរជាបើកចិត្ដទូលាយ និងនិយាយពាក្យពេចន៍ក្នុងចិត្តទាក់ទិននឹងរឿងអាស្រូវគេចពន្ធ។
តារាស្រីវ័យ ៤១ រូបនេះបានឱ្យដឹងថា៖ នាងជាមនុស្ស ដូច្នេះចៀសមិនផុតពីការសាងនូវកំហុសឡើយ។ ជីវិតរបស់មនុស្សម្នាក់ៗ ត្រូវមានពេលឡើង និងចុះ។ អ្វីដែលសំខាន់នៅពេលដែលជួបទុក្ខលំបាកបំផុតគឺដាច់ខាតកុំអស់សង្ឃឹម និងប្រឹងតស៊ូទៅមុខរកវិធីរំដោះខ្លួនចេញពីភាពខ្មៅងងឹត។ បច្ចុប្បន្នជីវិតរបស់នាងមានភាពប្រសើរឡើង និងគ្មានបញ្ហាអ្វីឡើយ។
នាងបន្ដទាំងទឹកភ្នែករលីងរលោងថា៖ រឿងដែលធ្វើឱ្យនាងឈឺចាប់បំផុតកំឡុងពេលជួបរឿងអាស្រូវគឺមិនអាចសម្ដែងរឿង មិនអាចដើរតាមក្ដីស្រមៃដែលខ្លួនធ្លាប់មានពីមុន។ នាងខកខានសម្ដែងអស់ជាច្រើនឆ្នាំហើយ នាងពិតជានឹកការសម្ដែងរឿង។ មែនទែនទៅ ធ្វើជាតារាសម្ដែង តែគ្មានឱកាសសម្ដែងពិតជារឿងគួរឱ្យឈឺចាប់។
Fan Bingbing បានបញ្ជាក់ថា Green Night គឺជាឱកាសមាសសម្រាប់នាងនៅពេលដែលអាជីពរបស់នាងស្ថិតក្នុងភាពជាប់គាំង។ ដូច្នេះហើយ នាងបានធ្វើការដោយប្រឹងប្រែងទ្វេដង ដើម្បីបញ្ចប់ការងារនេះ ជាការតបស្នងនូវទំនុកចិត្តដែលអ្នកដឹកនាំបានផ្តល់ឱ្យ។ Fan Bingbing បានចាត់ទុកមហោស្រពភាពយន្តទីក្រុងបែរឡាំង ជាការចាប់កំណើតឡើងវិញ ដោយចាប់ផ្តើមអ្វីៗគ្រប់យ៉ាងឡើងវិញដោយខ្លួននាងផ្ទាល់។

Green Night គឺជាភាពយន្តបែបឧក្រិដ្ឋកម្ម ដោយក្នុងរឿងនេះតារាសម្ដែងស្រីចិននិងកូរ៉េទាំងពីរនាក់ត្រូវដើរតួជាគូស្នេហ៍ស្រីនិងស្រី។ ភាពយន្តនេះរៀបរាប់ដំណើរផ្សងព្រេងរបស់នារីឯកាពីរនាក់ដែលអស់សង្ឃឹមក្នុងជីវិត ដោយ Fan Bingbingដើរតួជាជនអន្តោប្រវេសន៍ចិន ធ្វើការជាសន្តិសុខនៅអាកាសយានដ្ឋានទីក្រុងសេអ៊ូល ហើយតារាសម្ដែងកូរ៉េ Lee Joo Young ជាអ្នកជួញដូរគ្រឿងញៀនអាថ៌កំបាំង។ ប្រភពខ្លះនិយាយថាតារាទាំងពីរក៏មានឈុតស្រើបស្រាលជាមួយគ្នាដែរក្នុងរឿងនេះ ។
គួរបញ្ជាក់ ក្រោយជួបរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ តារាស្រី Fan BingBing សឹងតែអស់ឱកាសក្នុងការសម្ដែងរឿង និងត្រូវបានគេហាមឃាត់មិនឱ្យបង្ហាញមុខជាសាធារណៈក្នុងកម្មវិធីនានា ទើបមួយរយៈចុងក្រោយនាងបានបង្ហាញមុខក្នុងរឿងមួយចំនួនប៉ុន្ដែត្រឹមតែជាតួនាយរងចេញមុខបន្ដិចបន្ដួចប៉ុណ្ណោះ៕























































Account
Security
Favourite Content