គូស្វាមីភរិយាលោក DJ Koo និងសាន់ ឆាយ តែងត្រូវមហាជនមួយចំនួនរិះគន់ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ តែទោះយ៉ាងណាអ្នកទាំងពីរបន្ដរស់នៅមានក្ដីសុខជាមួយគ្នា និងតែងបង្ហាញភាពផ្អែមល្ហែមជានិច្ច។


ថ្មីៗ នេះ លោក DJ Koo ឬ Koo JunYeop ដែលជាស្វាមីរបស់តារាស្រី Barbie Hsu ឬសាន់ ឆាយ បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ប្រទេសកូរ៉េ Radio Star។ លោកក៏បាននិយាយរឿងរ៉ាវមួយចំនួនទាក់ទងជាមួយខ្លួនឯង និងរឿងមួយចំនួនទាក់ទិនភរិយារបស់ខ្លួន។
លោកបានលើកឡើងថា ភរិយារបស់ខ្លួនជាមនុស្សគួរឱ្យស្រឡាញ់ធ្វើឱ្យលោកចង់មើលថែទាំនាង។ លោកបានទម្លាយទៀតថា នៅពេលដែលអ្នកជួបគ្នាម្ដងទៀតនៅផ្ទះរបស់ សាន់ ឆាយ គឺនាងរង់ចាំលោកនៅមុខទ្វារផ្ទះ អារម្មណ៍ពេលនោះពិតជារំភើបចិត្តខ្លាំង។ លោកបាននិយាយទៀតថា ប្រសិនបើនាងចង់ចូលបន្ទប់ទឹក លោកមិនខ្លាចលើកបី ឬអៀវនាងចូលបន្ទប់ទឹក។ ប្រសិនបើនាងឃ្លាន លោកក៏ធ្វើម្ហូបអាហារឱ្យនាងសម្រាប់ញ៉ាំ ប្រសិនបើនាងចង់ធ្វើអ្វីលោកនឹងបំពេញបំណង។




ពាក្យសម្ដីរបស់លោកធ្វើឱ្យភ្ញៀវកិត្ដិយសផ្សេងទៀតដែលចូលរួមអត់ទ្រាំមិនសរសើរថាផ្អែមល្ហែមមិនបាន។ ពួកគេថែមទាំងបានលើកឡើងថា លោកច្បាស់ជាស្រឡាញ់ភរិយាខ្លាំងព្រោះនៅពេលដែលនិយាយរំឮកពីនាងភ្លាមទឹកមុខលោកប្រែជាស្រស់ថ្លា និងសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ថា លោក DJ Koo និងសាន់ ឆាយ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាម្ដងរួចមកហើយកាលពីជាង ២០ ឆ្នាំមុន។ អ្នកទាំងពីរក៏ចាប់ផ្ដើមទំនាក់ទំនងស្នេហារបស់ខ្លួនម្ដងទៀតកាលពីចុងឆ្នាំ ២០២១ និងប្រកាសរៀបការនៅដើមឆ្នាំ ២០២២៕

























Account
Security
Favourite Content