«ក្មេងតែងបង្កកំហុស!» David Beckham លើកឡើងបែបនេះ ក្រោយកូនប្រុសបកអាក្រាតជម្លោះផ្ទៃក្នុងគ្រួសារ

កាលពីថ្ងៃទី២០ ខែមករានេះ Brooklyn Beckham កូនប្រុសច្បងវ័យ ២៦ ឆ្នាំរបស់ប្តីប្រពន្ធដ៏មានឥទ្ធិពល David និង Victoria Beckham បានសរសេរសារយ៉ាងវែងអន្លាយរៀបរាប់ពីបញ្ហាផ្ទៃក្នុងគ្រួសារតាមការយល់ឃើញរបស់គេ។

សារទាំងនោះរួមមានទាំងការលើកឡើងពីការធំដឹងក្តីក្រោមការគ្រប់គ្រងជីវិតពីសំណាក់ឪពុកម្តាយ ការដែលគ្រួសារព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងលោក និងភរិយាគឺ Nicola Peltz ជម្លោះរវាងម្តាយក្មេកនិងកូនប្រសាស្រីដែលកើតចេញពីរឿងមង្គលការ រហូតដល់ការចោទប្រកាន់ថា David និង Victoria បានប្រើឥទ្ធិពលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងឱ្យតម្លៃលើរូបភាពខាងក្រៅខ្លាំងជាងការពិតដែលកើតឡើងនៅពីក្រោយខ្នង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ Brooklyn Beckham បានបង្ហាញជំហរយ៉ាងច្បាស់ថា គេនឹងមិនត្រឡប់ទៅត្រូវរ៉ូវជាមួយគ្រួសារវិញជាដាច់ខាត។

នៅពេលដែល David Beckham ត្រូវចូលរួមក្នុងកម្មវិធីហិរញ្ញវត្ថុ “Squawk Box” របស់ប៉ុស្តិ៍ CNBC ត្រឹមតែមួយថ្ងៃបន្ទាប់ពីនោះ រាល់សម្តីរបស់លោកក្នុងនាមជាឪពុក បានក្លាយជាចំណុចដែលទស្សនិកជនតាមដានយ៉ាងខ្លាំង។

ក្នុងអំឡុងពេលពិភាក្សាអំពីបណ្តាញសង្គម និងបញ្ហាសុខភាពផ្លូវចិត្ត លោកបានលើកឡើងពីចំណុចល្អ និងចំណុចអាក្រក់នៃបណ្តាញសង្គម ប៉ុន្តែចុងក្រោយលោកបានរកឃើញវិធីប្រើប្រាស់កម្មវិធីទាំងនោះសម្រាប់អង្គការ UNICEF ដើម្បីដាស់តឿនឱ្យមនុស្សគ្រប់គ្នាបានដឹងពីអ្វីដែលកំពុងកើតឡើងចំពោះកុមារនៅទូទាំងពិភពលោក។

អតីតតារាបាល់ទាត់កូន ៤ រូបនេះបានបញ្ជាក់ថា៖ “ខ្ញុំក៏ព្យាយាមធ្វើបែបនោះជាមួយកូនៗរបស់ខ្ញុំដែរ គឺខ្ញុំព្យាយាមអប់រំពួកគេ។ កូនៗតែងតែបង្កកំហុសខ្លះ ប៉ុន្តែក្មេងគឺតែងតែធ្វើខុសបែបហ្នឹងហើយ នោះគឺជាវិធីដែលពួកគេរៀនសូត្រ ហើយវាគឺជាអ្វីដែលខ្ញុំព្យាយាមបង្រៀនកូនៗរបស់ខ្ញុំ”។ David Beckham បានបន្ថែមនៅចុងក្រោយថា៖ “ជួនកាល យើងក៏ត្រូវបណ្តោយឱ្យពួកគេបង្កកំហុសដោយខ្លួនឯងដែរ” ៕

Leave a Reply

Your email address will not be published. Required fields are marked *