សម្រាប់អ្នកគាំទ្ររបស់ក្រុមតន្រ្ដីរ៉ក់អង់គ្លេស Coldplay និងអ្នកគាំទ្ររបស់ក្រុមតារាចម្រៀង BTS ច្បាស់ជាដឹងរួចមកហើយថា ក្រុមលំដាប់ពិភពលោកទាំងពីរសុទ្ធតែមាន កេរឈ្មោះបោះសំឡេង ល្បីរន្ទឺទូទាំងពិភពលោក ជាពិសេសមិត្តភាពអ្នកទាំងពីរពិតជាល្អមិនអាចកាត់ថ្លៃបាននោះទេ។

រំឮកទៅកាលពី ២ ឆ្នាំមុនក្រុមតន្រ្ដីរ៉ក់ Coldplay ដែលមាន Chris Martin និងជាអ្នកវាយស្គរ Will Champion បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរបស់ប្រទេសអាល្លឺម៉ង់ Late Night Berlin វគ្គទី ១០០។ ក្នុងអំឡុងពេលសម្ភាសផងដែរ Coldplay ក៏បានលើកឡើងអំពីការសហការជាមួយក្រុម BTS ដើម្បីផលិតបទចម្រៀងមានចំណងជើងថា My Universe។ ជាការពិតណាស់ពួកគេមិនអាចបញ្ឈប់អារម្មណ៍រំភើបក្នុងការផលិតបទចម្រៀងរួមគ្នាបាននោះទេ។

ជាមួយគ្នានេះ Will បានទម្លាយថា Christ បានរៀនភាសាកូរ៉េខ្លះៗ ដើម្បីអាចច្រៀងដោយខ្លួនឯងបាននៅពេលដែលពួកគេមិនបានសម្ដែងជាមួយក្រុម BTS ក៏ដូចជាមានបំណងចង់ផ្ញើសារតាមរយៈបទចម្រៀងជូនដល់អ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ហើយអាចសាងភាពភ្ញាក់ផ្អើលដល់ពិធីករនៅក្នុងកម្មវិធីនោះយ៉ាងខ្លាំង។ ជាដំបូងលោកហាក់មានអារម្មណ៍ដូចជាចម្លែកបន្តិច ប៉ុន្តែក្រោយមកវាក៏បានក្លាយជាបទពិសោធន៍មួយដ៏រីករាយទៅវិញ។

ភ្លាមៗនោះពិធីករក្នុងកម្មវិធី Late Night Berlin គឺលោក Klaas Heufer Umlauf ក៏បានលើកឡើងថាបើប្រៀបធៀបជាមួយនឹង Coldplay ក្រុមតារាចម្រៀង BTS មិនបានឈរជើងយូរឆ្នាំក្នុងវិស័យតន្រ្ដីទេ ខណៈដែល Coldplay បានប្រឡូកក្នុងវិស័យមួយនេះរយៈពេល ២៥ ឆ្នាំទៅហើយ ប៉ុន្តែ BTS ទើបតែបាន ៨ ឆ្នាំប៉ុណ្ណោះ។

ដោយមិនចាំយូរទាំង Chris Martin និង Will Champion បាននិយាយកាត់ភ្លាមៗថាបើទោះពួកគេមិនមានបទពិសោធន៍ច្រើនខ្លាំងឆ្នាំក្នុងវិស័យតន្រ្ដីក្ដី ក៏អ្នកទាំងប្រាំពីរនៅតែអាចសម្រេចបានសមិទ្ធផលធំៗច្រើនមិនចាញ់រៀមច្បងចាស់វស្សាឡើយ។ Christ បានបន្ថែមថារយៈពេល ៨ ឆ្នាំមកនេះ ក្រុម BTS បានធ្វើការមិនឈប់ឈរ ដើម្បីផលិតបទចម្រៀងដល់ទៅប្រាំបីអាល់ប៊ុមស្ទើរតែច្រើនជាងពួកលោកទៅហើយ។ ដូច្នេះនេះបង្ហាញថាផ្កាយទាំង ៧ ដួងមានសមត្ថភាពខ្លាំងមិនធម្មតាឡើយរហូតអាចធ្វើឱ្យពិភពលោកទទួលស្គាល់ពិតៗ។

គួរបញ្ជាក់ផងដែរ មិនថាបំណងនៃការលើកឡើងរបស់ពិធីករមានចេតនា ឬអចេតនាណាមួយឡើយ ក៏ក្រុម Coldplay បានត្រៀមខ្លួនរួចរាល់ជានិច្ច ដើម្បីការពារមិត្តភក្ដិទាំងប្រាំពីររបស់ខ្លួនផងដែរ៕





















































Account
Security
Favourite Content