តួប្រុសរឿង ស្ដេចល្បែងម៉ាកាវ គឺលោក Chow Yunfat ត្រូវបានគេចាត់ទុកជាកំពូលតារាសម្ដែងឆ្នើមម្នាក់នៅហុងកុង និងជាតារាជើងចាស់ដែលបង្ហាញខ្លួនក្នុងភាពយន្ដកុនល្បីជាច្រើនចាបតាំងពីទសវត្សរ៍ឆ្នាំ ៨០។ បន្ថែមពីនេះ លោកក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងដោយសារតែជាបុគ្គលជោគជ័យសល់ប្រាក់រាប់រយលានដុល្លារអាមេរិក ប៉ុន្ដែបែរជារស់នៅយ៉ាងសាមញ្ញខ្លាំង មិនប្រើប្រាស់របស់ថ្លៃៗដូចជាឡានទំនើបជាដើម។

ឆ្នាំនេះលោកមានវ័យ ៦៨ ឆ្នាំហើយ ស្របពេលដែលមហាជន និងអ្នកគាំទ្រជាច្រើននៅតែបន្ដចង់ទស្សនាភាពយន្ដកុនដែលលោកសម្ដែង។ ថ្មីៗ នេះកំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី Uncle’s Love លោកក៏បាននិយាយពីបំណងប្រាថ្នារបស់លោកមួយប្រាប់ដល់មហាជន។
លោកបានលើកឡើងថា៖ បច្ចុប្បន្នក្មេងជំនាន់ក្រោយដែលរស់នៅហុងកុង ហាក់ដូចមិនសូវចាប់អារម្មណ៍ពីទីកន្លែងនេះទេ ពួកគេចូលចិត្តដើរទៅក្រៅប្រទេស និងរៀនភាសាបរទេសជាដើម។ យូរៗ ទៅសូម្បីតែភាសាចិនកាតាំង ក៏លែងសូវមានអ្នកប្រើប្រាស់។

លោកបន្ដថា៖ សម្រាប់លោកគឺធំធាត់ដឹងក្ដីនៅលើកោះ Lamma ហុងកុង ដូច្នេះលោកពិតជាស្រឡាញ់តំបន់នោះជាខ្លាំង។ លោកពិតជានឹករលឹកអ្វីគ្រប់យ៉ាងនៅលើកោះនោះ រាប់ចាប់តាំងពីម្ហូប ទំនៀមទម្លាប់ការរស់នៅ ទេសភាព វាពិតជាស្រស់ស្អាត និងល្អណាស់។ លោកជាមនុស្សមិនសូវចូលចិត្តធ្វើដំណើរឆ្ងាយ មិនចូលចិត្តជិះយន្ដហោះ ដូច្នេះវាពិតជារឿងល្អបើសិនលោកអាចចំណាយជីវិតចុងក្រោយរបស់ខ្លួនរស់នៅកោះ Lamma។

មែនទែនទៅ សម្ដីរបស់លោកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនហាក់រំជួលចិត្តព្រោះវ័យរបស់លោកកាន់តែចាស់ និងមិនអាចសម្ដែងរឿងបានយូរទៀតនោះទេ ទៅថ្ងៃខាងមុខពួកគេអាចនឹងលែងបានទស្សនានូវរឿងដែលលោកសម្ដែងតទៅទៀតហើយ។ ប៉ុន្ដែពួកគេក៏បានជូនពរ និងសង្ឃឹមថា តារាប្រុស Chow Yunfat អាចរស់នៅយ៉ាងរីករាយតាមក្ដីប្រាថ្នារហូតដល់ជីវិតចុងក្រោយរបស់លោក៕




























Account
Security
Favourite Content