មិនខុសពីតារាម៉ូដែលរៀមច្បង កុមារី ឈើរី មីន ដែលសព្វថ្ងៃជាតារាម៉ូដែល និងជាតារាសម្តែងម្នាក់ ក៏បានឈ្នះពានរង្វាន់ពិសេសមួយលើការដើរបង្ហាញម៉ូដល្អ ក្នុងកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម។


កូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះ បង្ហាញអារម្មណ៍រំភើប និងមានមោទនភាពជាខ្លាំងណាស់ដែលបានដើរបង្ហាញម៉ូដ Collection ថ្មីរបស់ប្រេន KALKIN លើឆាកអន្តរជាតិឱ្យភ្ញៀវអន្តរជាតិបានទស្សនា ហើយពេលដើរចប់ ភ្ញៀវចូលរួមបានទះដៃអបអរសាទរម៉ូដែលកម្ពុជាគ្រប់ៗគ្នា។ ឈើរី រំលឹកឱ្យដឹងថា នាងជួបផលលំបាកច្រើនដែរសម្រាប់ការដើរម៉ូដនៅអន្តរជាតិលើកដំបូងនោះ ដោយសាររ៉ូបមានទម្ងន់ធ្ងន់ ហើយពិបាកក្នុងការប្រើប្រាស់ភាសា ប៉ុន្តែវាមិនមែនជាឧបសគ្គធំសម្រាប់នាងឡើយ ព្រោះនាងអត់ធ្មត់ជម្នះរហូតទទួលបានជោគជ័យជាផ្លែផ្កា។



បន្ទាប់ពីសម្រេចក្តីសុបិនដ៏ធំនេះ តារាម៉ូដែលខ្លួនតូចមហិច្ឆតាធំ បង្ហើបឱ្យដឹងថា នាងនៅមានបំណងប្រាថ្នាធំៗជាច្រើនទៀត ដូចជា ចង់ក្លាយជាបវរកញ្ញាតំណាងប្រទេស និងចង់ក្លាយជាតារាចម្រៀងមានឈ្មោះបោះសំឡេង ពោលគឺនាងចង់ក្លាយជាសិល្បករខ្មែរម្នាក់ដែលមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា។
ក្រោយឈ្នះពានការដើរបង្ហាញម៉ូដបានល្អពីឆាកអន្តរជាតិ កុមារី ឈើរី មីន ត្រឡប់ធ្វើការងារសិល្បៈធម្មតា និងបន្តការសិក្សារបស់នាងឡើងវិញ បន្ទាប់ពីឈប់សម្រាកមួយរយៈពេល។ កុមារីដ៏ក្លាហានរូបនេះ ក៏ឆ្លៀតពេលរៀនជំនាញសិល្បៈថ្មីមួយទៀត គឺការរាំ ដោយពេលនេះនាងយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃក្បាច់រាំ និងអាចរាំចង្វាក់ K-pop បានខ្លះៗហើយ តែក៏ត្រូវបន្តការសិក្សាបន្ថែមទៀតដែរ ដើម្បីឱ្យស្ទាត់ជំនាញជាងនេះ។ ឈើរី សប្បាយចិត្តទទួលរៀនជំនាញសិល្បៈផ្សេងៗដែលអ្នកម្តាយរៀបចំឱ្យ ព្រោះគ្រប់ជំនាញសុទ្ធតែល្អសម្រាប់អនាគតរបស់នាង។



សូមជម្រាបថា ឆ្នាំនេះកុមារី មីន ឈើរី មានអាយុ ៩ ឆ្នាំ នាងជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ (ម្តាយខ្មែរ ឪពុកអាល្លឺម៉ង់)។ សព្វថ្ងៃកុមារីរូបនេះ ជាតារាម៉ូដែល ដែលអាចដើរបង្ហាញម៉ូដបានយ៉ាងស្ទាត់ជំនាញ ថែមទាំងមានសមត្ថភាពសម្តែងបានល្អទៀតផង ដោយកន្លងមកនាងបានបង្ហាញវត្តមានក្នុងរឿងដុំ-ភាគជាច្រើនមកហើយ។ ក្រៅពីនោះ នាងក៏ច្រៀង-រាំ និងទទួលថតស្ប៉តពាណិជ្ជកម្ម ថតភាពយន្ត និងការងារផ្សព្វផ្សាយផ្សេងៗតាមដែលគេទាក់ទងមក។ ឆាប់ៗនេះលោកអ្នកនឹងបានទស្សនាស្នាដៃរឿងថ្មីមួយដែល ឈើរី បានចូលរួមសម្តែងផងដែរ។
កូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះសង្ឃឹមថា ថ្ងៃណាមួយនាងនឹងមានឱកាសដើរម៉ូដលើឆាកអន្តរជាតិម្តងទៀត ដើម្បីជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើង។ ចំណែក ការប្រកួតបវរកញ្ញាក៏នាងគ្រោងនឹងប្រកួតម្តងទៀតដែល តែមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានឡើយ៕


























Account
Security
Favourite Content